ឆក់ទូរស័ព្ទពីនារីម្នាក់ នៅខណ្ឌចំការមន អស់លក្ខណ៍ ត្រូវសមត្ថកិច្ចប្រដេញចាប់ខ្លួនបាន
សន្តិសុខសង្គម
237

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាព ឆក់ទូរស័ព្ទពីនារីម្នាក់ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន។ នេះបើយោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២៤ វេលាម៉ោង​០០៖១៥នាទី​ លោកវរសេនីយ៍ត្រី ណុប​ មុនី​ នាយរងការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយព្រះស៊ីសុវត្តិ​ ក្នុងសង្កាត់ទន្លេបាសក់ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ក៏ប្រទះឃើញជនសង្ស័យ​​ចំនួន១នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក Zusuki Nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KC-2358 បានធ្វើសកម្មភាព​ឆក់​ទូរស័ព្ទដៃពីនារីរងគ្រោះដែលកំពុងធ្វើដំណើរឆ្លងផ្លូវ មិនបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ការិយាល័យធ្វើការប្រដេញ និង ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចស្តុំនាគបាញ់ទឹកក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ។ ជនសង្ស័យឈ្មោះ​ វ៉ាន់​ មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដក​ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ(ដៃដល់)​។

ក្នុងនោះ សម្ភារៈដកហូតមាន៖ ម៉ូតូ១គ្រឿងម៉ាក Zusuki Nex ពណ៌ស​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KC-2358​(របស់ជនសង្ស័យ) និងទូរស័ព្ទម៉ាក iphone14promex ពណ៌ស្វាយ​ ប្រគល់ជូនជងគ្រោះវិញ។

បច្ចុប្បន្ន​កម្លាំងជំនាញ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នឹងជនសង្ស័យ ធ្វើការសាកសួរ​កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕


Telegram