រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ខណៈប្រទះឃើញបុរសម្នាក់ ដើរសុខៗ បេះដូងធ្វើទុក្ខ ដួលផ្កាប់មុខស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ លើចិញ្ចើមផ្លូវលេខ២១៧ មុខផ្ទះលេខR១ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ គា សុខរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរតាគី ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមុនពេលកើតហេតុ ម្ចាស់ផ្ទះបានបើកទ្វារផ្ទះមកឃើញជនរងគ្រោះស្លាប់នៅមុខផ្ទះ ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។
ក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍ សមត្ថកិច្ចខណ្ឌ និងជំនាញផ្នែកកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការហ៊ុំព័ទ្ធខ្សែពិនិត្យសាកសព ក្នុងនោះ យោងតាមការមើលការមេរ៉ាសុវត្ថិភាពឃើញ នៅវេលាម៉ោង០២នឹង៣៥នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះបានដើរម្នាក់ឯងដោយអាការៈញ័រ ដើរផ្អៀងៗខ្លួន រួចក៏បានដួល ហើយងើបអង្គុយ, និងដេកទៅលើសាបវិញ បង្វិលខ្លួនទៅវិញទៅមក រហូតដល់វេលាម៉ោង០៣នឹង០៥នាទី ថ្ងៃដដែល ជនរងគ្រោះក៏បានផ្កាប់មុខទៅលើសាបលែងកំរើក។
ដោយឡែក តាមការពិនិត្យស្ថានភាពកន្លែងកើតហេតុ លើចិញ្ចើមផ្លូវមុខផ្ទះកើតហេតុឃើញមានសាកសពមនុស្សប្រុសម្នាក់ស្លាប់ផ្កាប់មុខ, នៅក្បែរសាកសពមានប្រឡោះបង្ហូរទឹកចូលទៅក្នុងលូ១មានទទឹង២៤ស.ម ជម្រៅ២៥ស.ម និងមានស្នាមដាច់ដី សាកសពពាក់អាវដៃខ្លី ស្លៀកខោជើងវែង ខោអាវបាតដៃ និងបាតជើងប្រឡាក់ដី, ខ្លួនប្រាណមានសត្វស្រមោចរោម និងខាំចេញឈាម, សាកសពមានសភាពរឹង, នៅក្នុងហោប៉ោសាកសពមានកូនកាបូប១ខាងក្នុងកាបូបមាន លុយខ្មែរ៥,៤៥០០រៀល, លុយ កាតចាក់វ៉ាក់សាំង និងកាតសន្តិសុខក្រុមហ៊ុនMPA មានឈ្មោះ គា សុខរិទ្ធ និងកាតអនាគារអេស៊ីលីដា ។សពមានស្នាមជាំដាច់រយះនៅបបូរមាត់ខាងក្រោម, ស្នាមជាំកោសរលាត់នៅកែងដៃសងខាង, ស្នាមជាំនៅក្បាលជង្គង់សងខាង, ស្នាមជាំកោសរលាត់នៅខ្នងម្រាមមេជើងស្ដាំ។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង។
ពេលនេះសាកសព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ