នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាប ករណី ឃា.../តក.../ម្ម (ប្ល.../ន់សម្លា../ប់លួចយកទ្រព្យសម្បត្តិ)
សន្តិសុខសង្គម
158

បន្ទាយមានជ័យ៖ យោងតាមផេកផ្លូវការរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤និង០០នាទីទាបភ្លឺខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនម៉ាត មានភិនភាគៈ សម្បុរស ស្លៀកខោខ្មៅជើងវែងនិងអាវយឺតពណ៌សដៃខ្លី ជាមួយនឹងម៉ូតូ១គ្រឿងម៉ាកHONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣ , ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីន1ខ្សែ និងចិញ្ចៀនផ្លាកទីន១វង់ ដោយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩និង០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថាតិចទៅដល់ហើយប៉ា លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដដែល ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទៈឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ហើយបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកសពមានសភាព កាត់កដៃនិងកាត់ម្រាមដៃ កាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួននិងសាច់ដុំដៃនិងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង ០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ,អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ,លោកឧត្តមសេនីយ៍ ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវតាមនីតិវិធី និងប្រើរយ:ពេល ៧យប់ ៨ថ្ងៃ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាតប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដកហូតបានវត្ថុតាងរួមមាន៖

-ម៉ូតូម៉ាកScoopy ពណ៌ក្រហម បិតខ្មៅ របស់(ជនរងគ្រោះ)

-ទូរស័ព្ទម៉ាកIPhone 11Promax (ជនរងគ្រោះ)

-ខ្សែដៃផ្លាទីន (ជនរងគ្រោះ)

-ចិញ្ចៀនផ្លាទីន (ជនរងគ្រោះ)

-កាបូបស្ពាយ (ជនរងគ្រោះ)

- សម្លៀកបំពាក់ធ្វើសកម្មភាព (មានប្រលាក់ឈាម)

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយ និងដុតសម្លាប់ជនរងគ្រោះរួចយកទ្រព្យសម្បត្តិ ដោយប្រើល្បិចអោយជនរងគ្រោះជូនខ្លួនទៅផ្ទះ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត ។


Telegram