ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆាបឆេះលេបត្របាក់ ហាងខារ៉ាអូខេយីហោ ស៊ីន ហាយ យ៉ាងសន្ធោសន្ធៅ ខ្មួរខ្មាញ់ត្របាញ់ឡើងលើអាកាស បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២៤ ក្នុងក្រុមទី១២ ភូមិ ៤ សង្កាត់ លេខ៤ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមរបាយការណ៍ពីសមត្ថកិច្ច ក៏ដូចជាកំណត់ហេតុរបាយការណ៍របស់ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះឈ្មោះ សាត ប៊ុនហ៊ួរ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកអាជីវកម្ម K T V ស៊ីន ហាយ ដោយបានឆេះទីតាំងផ្ទះសង់អំពីថ្ម ដំបូលប្រក់ ស៊ីប្រូ មានទំហំទទឹង៣០ម៉ែត្រ×បណ្ដោយ៥០ម៉ែត្រ អស់ទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត តែគ្មាននរណាម្នាក់ មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ជុំវិញករណីអគ្គិភ័យខាងលើនេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ០៥ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ២៥ រថយន្ត ស្មើរនិង ១២០ ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យព្រលានយន្តហោះកងកេង ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត, រថយន្តពន្លត់អគ្គិភ័យកំពង់ផែស្វ័យតចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ រថយន្ត, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត ចំនួន០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត, រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត,រថយន្តពន្លត់អគ្គិភ័យ ( ង៧០ ) ចំនួន ០២ គ្រឿង ប្រើប្រាស់អស់ចំនួនទឹក ០៦ រថយន្ត សរុបចំនួនទឹករថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន៦៨រថយន្ត ទើបរលត់ទៅវិញ ៕ អែល វិចិត្រ