ក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពីការអនុវត្ត ការឈប់សម្រាករយៈពេល ០៤ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង
សន្តិសុខសង្គម
209

រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹង ស្តីពី

ការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ សូម លោក លោកស្រី ជាម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួន ឈប់សម្រាក ដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ខាងមុខនេះ ក្នុងរយៈពេល ៤ (បួន) ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងករណីមានការព្រមព្រៀង គ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យ ដូចមានកំណត់ក្នុងប្រកាសលេខ ០១៤/២៤ ក.ប/ប្រ.ក.អ.ធ.ក ខាងលើ។

ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅ ជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេល តែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស គ្រឹះស្ថាន នោះ ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ ប្តូរវេនគ្នា។ ប្រសិនបើការផ្លាស់ប្តូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការអាជីវកម្មរបស់សហគ្រាស គ្រឹះស្ថានបាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងតំណាងកម្មករនិយោជិត អាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិត ទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះ ហើយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយ ផ្សេងទៀតបាន។ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្តូរគ្នា ឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំ សម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និង កម្មករនិយោជិតទាំងអស់ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ៕


Telegram