រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ HONDA Dream ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗមួយរំពេច ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុងបុរីភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដសាំយ៉ុង ពាក់ស្លាកលេខ សៀមរាប 2A-8347 បុកជាមួយម៉ូតូ HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1BI-7465 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត សាំយ៉ុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយក រថយន្ដនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ Mrr Ka