រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ស្លាប់ចោលកូនៗ យ៉ាងអាណោចអាធ័ម ផ្អើលសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យពិនិត្យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខE២ ផ្លូវលេខ១ បុរីVIP ភូមិម៉ឺត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះ ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលTVFB ទទួលបាន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសជនរងគ្រោះ ភ្ញាក់ពីដេកចុះមកក្រោម ឃើញម្ដាយចង ក ជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ទើបហៅប្រពន្ធជួយស្រាយចំណងទម្លាក់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។
តាមការបំភ្លឺពីឈ្មោះ ថន ឡង់ឌី ភេទស្រី អាយុ៣២ឆ្នាំ ជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ម្ដាយក្មេកគាត់បានមកលេងផ្ទះគាត់ តែប្ដីចេញទៅរត់តាក់ស៊ីបាត់មិននៅផ្ទះទេ ហើយគាត់ដឹងថាគាត់ត្រូវបានកូនតុងទីនបោកលុយ ទើបគាត់មានអាការៈស្រងូតស្រងាត់ពិបាកចិត្ត នៅវេលាម៉ោងប្រហែល២១និង៣០នាទី ថ្ងៃដដែល ម្ដាយក្មេកក៏ដេកនៅលើពូកផ្ទះខាងក្រោម, ហើយគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់, លុះដល់វេលាម៉ោងប្រហែល១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់ដែលជាកូនបង្កើត បានមកដល់មុខផ្ទះ ទើបគាត់ចុះទៅបើកទ្វារឲ្យ ហើយបានបញ្ចាំងពិលចំមុខម្ដាយ ឃើញគាត់កំពុងយំ ទើបពួកគាត់និយាយលួងលោម ហើយក៏បានឡើងទៅដេកនៅក្នុងបន្ទប់, នៅវេលាម៉ោងប្រហែល០៦នឹង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់បានភ្ញាក់ចុះទៅក្រោម ហើយក៏បានស្រែកហៅគាត់ ទើបគាត់ចុះទៅឃើញម្ដាយក្មេកចង ក ដោយចំណងខ្សែអង្រឹងជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ក៏នាំគ្នាស្រាយខ្សែចំណងទម្លាក់ម្ដាយមកក្រោម តែម្ដាយស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋាន យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និង ការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) ពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ