យោងតាមផេកផ្លូវការរបស់ ក្រសួងបរិស្ថាន បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ។
ក្រសួងបរិស្ថាន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន បណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិឱ្យបានជ្រាបថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ មានឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកអាស៊ីតស៊ុលហ្វូរិច (Sulfuric Acid) នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលឱ្យមានការលេចធ្លាយអាស៊ីតស៊ុលហ្វូរិច ប្រមាណជា ៣០ តោន ធ្លាក់ចូលស្ទឹងណាមខាន់ ដែលស្ទឹងនេះ ហូរចូលទន្លេមេគង្គត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយប្រមាណ ១៣៧០ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា-ឡាវ។
ជាការឆ្លើយតបចំពោះគ្រោះឧបទ្ទវហេតុនេះ ក្រសួងបរិស្ថានបានធ្វើការយកចិត្តទុកដាក់ក្នុងអាទិភាពខ្ពស់ ដោយបានចាត់ក្រុមការងារជំនាញចុះទៅធ្វើការត្រួតពិនិត្យស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅតាមតំបន់ ព្រំដែនជាប់ប្រទេសឡាវ និងយកសំណាកទឹកមកធ្វើការវិភាគតាមដានជាប្រចាំ និងបានចាត់មន្ត្រីនៅប្រចាំការ តាមដានស្ថានភាពគុណភាពទឹកនៅទន្លេមេគង្គ ពិសេសនៅតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែង។
ទន្ទឹមនឹងនេះដែរ ក្រសួងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធតាមយន្តការដែលមានស្រាប់រវាង ប្រទេសទាំងពីរ តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដើម្បីតាមដាន និងផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ នឹងករណីខាងលើនេះ និងធ្វើការជូនដំណឹងជាសាធារណៈចំពោះការវិវត្តណាមួយពីស្ថានភាពគុណភាពទឹក ទន្លេមេគង្គជាបន្តទៀត។
អាស្រ័យហេតុនេះ សូមសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕