រាជធានីភ្នំពេញ ៖ ពុ....ទ្ធោ អាសូរណាស់លោកអើយ អាឡូម៉ែអើយ ប្តីខ្ញុំស្លាប់ហើយម៉ែ ខ្ញុំឈឺចាប់ណាស់.... នេះជាសំឡេងទ្រហ៊ោយំរបស់ប្រពន្ធ ខណៈ២នាក់ប្តីប្រពន្ធ កៀកចូលឆ្នាំ បានសម្រាកទៅហើយ ជិះម៉ូតូឌុបគ្នា ចេញពីធ្វើការរោងចក្រ ឆ្ពោះទៅស្រុកកំណើតនៅខេត្តត្បូងឃ្មុំ អកុសលបែរជាជួបថ្នាក់ចរាចរណ៍ ប្តីត្រូវរថយន្តដឹកសិស្សសាលា កិនស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ទុកឲ្យប្រពន្ធអង្គុយទ្រហ៊ោយំមើលសពប្តី យ៉ាងសង្វេគបំផុត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង ៥០នាទីរសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវភ្នំពេញហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-2048 ចេញពីធ្វើការរោងចក្រ ក៏ឌុបគ្នាបំណងឆ្ពោះទៅលេងស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ ដោយធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន មិនដឹងយ៉ាងម៉េច ស្រាប់តែឃើញរថយន្តដឹកសិស្សសាលាពណ៌លឿន មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3G-3858 មានសិស្សជិះពេញលើរថយន្ត ក្នុងទិសដៅពីលិចមកកើត បានកិនបុរសជាប្តី បែកក្បាលទាំងពាក់មួកសុវត្ថិភាព ស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម ទៅហើយ ទុកឲ្យប្រពន្ធដែលរបួសស្រាល អង្គុយទ្រហ៊ោយំមើលសពប្តី យ៉ាងសង្វេគបំផុត ។ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ក្នុងនោះបើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏ដូចជាសមត្ថកិច្ចជំនាញ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងបឋមថា ម៉ូតូបានអកហ្សឺនឹងឡាន ទើបចាប់ហ្វ្រាំងដួល ហើយខ្ទាតក្បាលចូលកង់រថយន្តខាងក្រោយ ក៏ត្រូវរថយន្តកិនស្លាប់តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។
នេះជាសារតាស់តឿនមួយដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលមានបំណងធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ អត់ឱនអធ្យាស្រ័យឲ្យគ្នា ស្រវឹងកុំបើកបរ បើកបរកុំឲ្យលើសល្បឿនកំណត់ ក្នុងស្មារតីប្រុងប្រយត្ន័ ចៀសវាងជួបគ្រោះថ្នាក់បាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក សប្បាយក្លាយជាទុក្ខ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ » ៕ មេសា