រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ រថយន្តក្រុងសាធារណៈ៤៥៥គ្រឿង នឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់សេវាដឹកជញ្ចូនដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតតាមបណ្តាខេត្តនានា ក្នុងរយៈពេល៦ថ្ងៃ ។
លោកកែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានប្រាប់ ឱ្យដឹងថា ៖ ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង ទាំងរថយន្ត និងអ្នកបើកបរ សម្រាប់ទទួលដឹកជញ្ចូនពលរដ្ឋដោយឥតគិតថ្លៃនៅថ្ងៃស្អែកនេះ ដោយក្នុងនោះដែររថយន្តក្រុងបានចូលដល់តាមចំណតចំនួន០៦ទីតាំងអស់រួចរាល់ហើយ ។
លោកបន្ថែមថា បងប្អូនពលរដ្ឋអាចមកទទួលយកសេវាដឹកជញ្ចូន ដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ ពោលគ្រាន់តែបងប្អូនចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរនៅក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារនឹងសម្រួលការធ្វើដំណើរជូនបងប្អូនបានដោយងាយស្រួលបំផុតហើយ ។
ពលរដ្ឋក៏បានបង្ហាញក្តីរីករាយ ចំពោះការគិតគូររបស់រាជរដ្ឋាភិបាល លើការផ្តល់សេវាដឹកជញ្ចូនឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ។ ការផ្តល់ឱ្យនេះ បានជួយសម្រួលពេលវេលា និងថវិការមួយចំនួនរបស់ពួកគាត់ អាចសល់យកទៅប្រើប្រាស់ជាមួយបងប្អូន និងសាច់ញាតិនៅឯស្រុកកំណើត ។
គួរបញ្ជាក់ថា រថយន្តក្រុងសាធារណះទាំង៤៥៥គ្រឿងខាងលើ មាន៦០គ្រឿងសម្រាប់ប្រើប្រាស់ដឹកជញ្ចូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និង៣៩៥គ្រឿងទៀតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ចូនពលរដ្ឋចេញទៅតាមបណ្តាខេត្ត ។ ការដឹកជញ្ជូននេះធ្វើឡើងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ៕ អែល មេសា