ចោរចូលប្ល....ន់ផ្ទះម្ចាស់ប្រេន LAKAMO គំរាមយកលុយ២០ម៉ឺនដុល្លារ តែមិនសម្រេច បា...ញ់បុរសជាប្តីស្លា...ប់ រួចចោរនោះបា.....ញ់ខ្លួនឯងស្លា...ប់តាមក្រោយ!
សន្តិសុខសង្គម
525

រាជធានីភ្នំពេញ ៖ សាហាវណាស់លោកអើយ! ពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈស្វាមីម្ចាស់ប្រេន LAKAMO បានស្លាប់បាត់បង់ជីវិត ក្នុងករណី ចោរចូលបាញ់ប្លន់សម្លាប់ដល់ក្នុងផ្ទះ អ្វីដែលកាន់តែចាប់អារម្មណ៍ ជនសង្ស័យជាចោរនោះ ក៏បានបាញ់ខ្លួនឯងស្លាប់តាមក្រោយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ១៦៥ ផ្លូវ២២ម៉ែត្រ បុរីជីបម៉ុងផាកផ្លូវជាតិលេខ៦ ក្រុមទី៨ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ TVFB ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈួរ ឈុនហួរ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៦៥ ផ្លូវ២២ម៉ែត្រ ក្រុមទី៨ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរប្រធានក្រុមហ៊ុន ព្រីមា ផាក លក់អចលនទ្រព្យ ( ស្លាប់នៅនឹងកន្លៃងកើតហេតុ ដោយជនសង្ស័យបាញ់ត្រូវក្បាលចំនួន០១គ្រប់ ) ។

ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្លៀកខោខូវប៊យ ពណ៍ទឹកប៊ិចជើងវែង ពាក់អាវធំពណ៍ខ្មៅដៃវែង ពាក់មួកការពារពណ៍ខ្មៅនិងពាក់ម៉ាស់ពណ៍ខ្មៅ ប្រើកាំភ្លើងខ្លីម៉ាក់ឡុកពណ៍ខ្មៅ បានបាញ់សម្លាប់ខ្លួនឯងនៅផ្ទះកើតនេះដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១០យប់ ពេលដែលក្រុមគ្រួសារជនរងគ្រោះកំពុងសម្រាកក្នុងផ្ទះ ជនសង្ស័យបានផ្លោះរបង់ចូលមកក្នុងបរិវេណផ្ទះ ហើយបានយកកាំភ្លើងខ្លីភ្ជង់អ្នកបម្រើ ដែលកំពុងលេងចាននៅក្រៅផ្ទះ រួចបណ្ដើរចូលទៅក្នុងផ្ទះបិទទ្វាគំរាមមិនឲ្យសែ្រឆោឡោរ។ បន្ទាប់មកជនសង្ស័យបានដើរឡើងទៅជាន់ទី១ សំដៅទៅបន្ទប់របស់ជនរងគ្រោះដេក រួចភ្ជង់ជនរងគ្រោះគំរាមទារប្រាក់ចំនួន២០ម៉ឺនដុល្លា ហើយក៏មានការប្រតាយប្រតបគ្នា ជាមួយនឹងជនរងគ្រោះ។ ក្រោយមកជនរងគ្រោះក៏បានរត់ទៅចូលពួនក្នុងបន្ទប់ទឹកនិងបិទទ្វារបន្ទប់ទឹក ពេលនោះជនសង្ស័យបានបាញ់០១គ្រាប់ ធ្លាយទ្វាបន្ទប់ទឹកទៅត្រូវក្បាលជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹក។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា បន្ទាប់មកជនសង្ស័យបានភ្ជង់គំរាមប្រពន្ធជនរងគ្រោះឈ្មោះ មាស ច័ន្ទដាលីន អាយុ៣៨ឆ្នាំ មុខរបរលក់ផលិតផលតុបតែងខ្លួនយីហោ LAKAMO និងកូនចៅព្រមទាំងអ្នកបម្រើនៅក្នុងផ្ទះទាំងអស់ឲ្យនៅស្ងៀមកុំស្រែកឡូឡា និងគំរាមទារលុយពីប្រពន្ធជនរងគ្រោះ ចំនួន២០ម៉ឺនដុល្លារ ពេលនោះប្រពន្ធជនរងគ្រោះ គ្មានលុយអោយទៅជនសង្ស័យ ក្រោយមកប្រពន្ធជនរងគ្រោះបានលួចរាយការណ៍តាមរយៈប្រពន្ធ័ Hotline ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយនៅវេលាម៉ោង០៦ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង ជាមេបញ្ជាការ បានចុះមកដល់កន្លែងកើតហេតុបានធ្វើការឡោមពទ្ធ័ផ្ទះកើតហេតុ ដើម្បីរំដោះក្រុមគ្រួសារជនរងគ្រោះ និងចាប់ខ្លួនជនសង្ស័យ នៅពេលនោះដែរជនសង្ស័យក៏បានបាញ់សម្លាប់ខ្លួនឯងនៅក្នុងផ្ទះកើតហេតុតែម្ដង ។

ទោះបីជាយ៉ាងណា ពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងបន្តអនុវត្តតាមនិតិវិធី ៕ អែល មេសា


Telegram