យកដុំថ្មគប់កញ្ចក់ឡាន​អ្នកដំណើរ និងគប់ទូរATM​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​
សន្តិសុខសង្គម
138

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​២០និង ៥៥នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាន​ ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ កំពុងល្បាតតាមដងផ្លូវ​ ក៏ មាននារីរងគ្រោះ​ ជាម្ចាស់រថយន្តម៉ាកឡង់គ្រីសឺពណ៌ស​ បានទូរស័ព្ទមក​ លោក​ ឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ ថា​មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានគប់កញ្ចក់រថយន្តនៅផ្នែកចំហៀងខាងស្តាំរបស់គាត់​ នៅត្រង់ចំណុចស្តុបរោងកុនលុច​ចាស់​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព៌តមាន​ ខាងលើលោកបានដាក់កម្លាំងជំនាញ​ រង់ចាំឃ្លាំមើលក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងយកដុំថ្មគប់ទៅលើរថយន្តមួយគ្រឿងទៀត​ និងបានគុបទៅលើទូរATM ស្ថិតនៅត្រង់ចំណុចកែងសាលានរោត្តម​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

ភ្លាមនោះកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវប៉ាស្ទ័រ(៥១) ក្នុងសង្កាត់ផ្សារថ្មីទី១​ ខណ្ឌដូនពេញ ជនសង្ស័យមានឈ្មោះ​ ​ សុខ​ សុគន្ធារិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅតាមចិញ្ចើមផ្លូវ(ម្តុំសាលារៀននរោត្តម) សង្កាត់ផ្សារកណ្តាលី២​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី ៕ Mrr Ka


Telegram