យប់ថ្ងៃចូលឆ្នាំទី១ លោកអភិបាលរងខណ្ឌចំការមនម្នាក់ ត្រូវចោរឆក់ទូរសព្ទ២គ្រឿង រត់បាត់ក្នុងសង្កាត់ទួលស្វាយព្រៃទី២
រាជធានីភ្នំពេញ ៖ លោកអភិបាលរងខណ្ឌចំការមនម្នាក់ ត្រូវក្រុមជនសង្ស័យ ឆក់ទូរសព្ទអស់ ០២គ្រឿង រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំថ្ងៃចូលឆ្នាំទី១ នៅចំណុចទល់មុខ ផ្ទះលក់ឥវ៉ាន់ចាប់ហួយ មួយកន្លែងជិតស្តុបកៅដាយ ផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហ៊ត វ៉ាន់ធី ដែលត្រូវបានគេស្គាល់ថាជាអភិបាលរង ខណ្ឌចំការមន បានដើរចេញពីផ្ទះបងប្អូន សំដៅទៅឡើងជិះរថយន្ដ ស្រាប់តែត្រូវបានក្រុម ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់ទូរសព្ទសេរីទំនើប ដែលកាន់ជាប់នឹងដៃ ចំនួន២គ្រឿង បានសម្រេច ហើយនាំគ្នាជិះម៉ូតូ រត់គេចខ្លួនបាត់អស់តែម្តង ៕ អែល វិចិត្រ