រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ មកយាមផ្ទះឲ្យគេរយៈពេល៣ថ្ងៃ ដោយសារម្ចាស់ផ្ទះទៅលេងនៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំ អកុសលមិនស្រួលខ្លួន គាំងបេះដូងស្លាប់ ទោះបីមានប្រជាពលរដ្ឋជួយធ្វើចលនាសង្គ្រោះក៏ដោយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចនៅមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ឡេង សុគន្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិតាំងយ៉ាប ឃុំសៃវ៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
មុនពេលកើតហេតុ វេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នករស់នៅក្បែរផ្ទះកើតហេតុ បានចេញពីក្នុងផ្ទះ មកឃើញជនរងគ្រោះដេកដង្ហក់នៅលើគ្រែ ក៏បានហៅមនុស្សមើល ទើបដឹងថាស្លាប់ ។
ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ យឹក រី ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជាប់ផ្ទះកើតហេតុបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ម្ចាស់ផ្ទះកើតហេតុបានទំនាក់ទំនងមកគាត់ដើម្បីឲ្យជួយយាមផ្ទះ ទើបគាត់បានទំនាក់ទំនងជនរងគ្រោះឲ្យមកយាមរយៈពេល៣ថ្ងៃ។ នៅវេលាម៉ោងប្រហែល១២និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គាត់បានចេញពីក្នុងផ្ទះឃើញជនរងគ្រោះដេកមានអាការៈមិនស្រួលនៅលើគ្រែមុខផ្ទះ ទើបហៅអ្នកផ្ទះក្បែរៗ មកជួយធ្វើចលនាសង្គ្រោះ រួចជនរងគ្រោះបានធ្វើទុកដាច់ខ្យល់ស្លាប់នៅមុខផ្ទះតែម្តង។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និង ការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង និងបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ