រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ពោះធំគ្រប់ខែទៅហើយ មានអាការៈចុកសៀតពោះ ដើរទៅផ្ទះ មិនទាន់ដល់ ផងឈឺពោះសម្រាលកូនតាមផ្លូវ ផ្អើលក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ សម្រាលបានកូនប្រុសម្នាក់ ដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីខាងលើមានឈ្មោះ ពូន សៀកម៉ី អាយុ២៨ឆ្នាំ ជាស្ត្រីម៉េម៉ាយ ស្ថានភាពជីវភាពក្រីក្រ រស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពបានឱ្យដឹងថា ស្ត្រីខាងលើ ក្រោយពីប្តីរត់ចោល រស់នៅតែលតោលម្នាក់ឯង ក្នុងស្ថានភាពក្រីក្រ ដើរស៊ីឈ្នួលគេ ទាំងមានផ្ទៃពោះគ្រប់ខែទៅហើយ ហើយក៏មានអាការៈចុកសៀតពោះ ទើបដើរចេញពីវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ថ្មើរជើងឡើងតាមផ្លូវល្បឿនលឿន គោលបំណងទៅផ្ទះ ដល់ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ក៏ឈឺពោះឆ្លងទន្លេ តែម្តង ។
បន្ទាប់ពីប្រទះឃើញស្ត្រីខាងលើ ឈឺពោះឆ្លងទន្លេតាមផ្លូវ ចំណុចដើមផ្លូវល្បឿនលឿន ត្រូវបានក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយនាំយកទៅសំចតកៀនខាង ជៀសវាងគ្រោះថ្នាក់ ហើយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយអន្តរាគមន៍ សម្រាលបានកូនប្រុសម្នាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីជួយពិនិត្យ តាមដានសុខភាព ទាំងម្តាយ ទាំទារក បន្តទៀត។
ក្នុងនោះ ដោយមើលឃើញការលំបាក ស្ត្រីខាងលើមានសម្លៀកបំពាក់មួយចង្កេះជាប់ខ្លួន តែលតោលម្នាក់ឯង ជួបការខ្វះខាត ត្រូវបានលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ជួយជាថវិកាចំនួន៤០ម៉ឺនរៀល សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ សម្រាប់ម្តាយនិងទារក មួយចំនួន, ក្រុមសង្គ្រោះរបស់អង្គភាព៧១១ ,ក្រុមគ្រូពេទ្យ បង្អែកពោធិ៍ចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយជាថវិកា សម្លៀកបំពាក់មួយចំនួន គ្រាន់ដោះទ័លមួយគ្រាសិន ៕ អែល មេសា