ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ជាកូន ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់ឃាត់ខ្លួន ក្រោយប្រើហឹង្សាក្នុងគ្រួសារ វាយឪពុកម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ចំថ្ងៃចូលឆ្នាំទី៣ ថែមទាំងចាក់សមត្ថកិច្ច២រូបបណ្តាលឲ្យរបួស ពេលចុះទៅឃាត់ខ្លួនថែមទៀត។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣ និង១០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចក៏បានហៅជនសង្ស័យនោះមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តែត្រូវជនសង្ស័យនោះដកកូនកាំបិតចុងស្រួច ចាក់មកលើសមត្ថកិច្ចភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋានតែម្តង ។
ជនសង្ស័យដែលបានប្រើហឹង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស មានឈ្មោះ យ៉ត យឿន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជនសង្ស័យបានចាក់ទៅលើសមត្ថកិច្ចចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ម៉ៃ ឆាយ ភេទប្រុស អាយុ៣១ឆ្នាំ ឋាន: នាយប៉ុស្តិ៍រដ្ឋបាលឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួស ចំចង្កេះផ្នែកខាងឆ្វេង ដេរអស់ចំនួន០២ថ្នេរ ។
២.ឈ្មោះ ព សីហា ភេទប្រុស អាយុ២៣ឆ្នាំ ឋាន: មន្ត្រីប៉ុស្តិ៍រដ្ឋឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួស ចំកណ្តាលទ្រូងដាច់រលាត់ចេញឈាម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។