រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ ក្រោយប្រទះឃើញ ជនជាតិអង់គ្លេសម្នាក់ស្លាប់ នៅចំណុចសណ្ឋារគារ វ៉ាយខនើរ អគារលេខ១A បន្ទប់លេខ២០៧ ជាន់ទី២ ផ្លូវលេខ៣០០កែងផ្លូវ១៥៩ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៨. ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៤០នាទី។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ BRETT LANCE JAMES ភេទប្រុស អាយុ៣៧ ជនជាតិអង់គ្លេស ស្នាក់នៅសណ្ឋារគារវ៉ាយខនើរអគារលេខ១A បន្ទប់២០៧ ជាន់ទី២ ផ្លូវលេខ៣០០ កែងផ្លូវ១៥៩ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: ទេសចរណ៍។
ក្នុងនោះសម្ភារៈរបស់សពរួមមាន៖ លិខិតឆ្លងដែនចំនួន០១ក្បាលលេខ១៤២៦៦១៨២៨ យកទៅរក្សាទុកនៅការិយាល័យបច្ចេកទេស និងវជ្ជាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , ទូរសព្ទដៃចំនួន០១គ្រឿងម៉ាកG ពណ៌ខៀវ និងកាតធនាគារចំនួន០៥សន្លឹក យកទៅរក្សាទុកនៅការិយាអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសង្សាររបស់ជនរងគ្រោះ ដែលរស់នៅជាមួយគ្នាបានអោយដឹងថា កាលពីអំឡុងពេលខែធ្នូ ឆ្នាំ២០២៣ គាត់បានស្គាស់មិត្តប្រុស ឈ្មោះ BRETT LANCE JAMES អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស នៅហាងហូមមីងបាក្នុងខេត្ត សៀមរាប(កន្លែងគាត់ធ្វើការ) ហើយក៏បានស្រឡាញ់គ្នា និងរស់នៅជាមួយគ្នារហូតមកដល់បច្ចុប្បន្នបានរយៈពេល០៥ខែ។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៤ គាត់និងមិត្តប្រុសបានទៅលេងកំសាន្តនៅកោះរ៉ុង ក្នុងខេត្តព្រះសីហនុ រយៈពេល០៥ថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែឆ្នាំដដែលពួកគាត់ក៏បានចេញដំណើរពីកោះរ៉ុង គោលបំណងមកសំរាកនៅភ្នំពេញ ប៉ុន្តែពេលចេញដំណើរពីកោះរ៉ុង មកទីរួមខេត្តព្រះសីហនុមិត្តប្រុសរបស់គាត់បានដួល ត្រូវរបួសត្រង់ថ្ងាសដាច់ស្បែកចេញឈាម និងត្រូវត្រង់ត្រគៀកផ្នែកខាងឆ្វេង បន្ទាប់មកគាត់ក៏បានយកថ្នាំលាងរបួសមកលាងរបួសអោយ ហើយសួរថាត្រូវការទៅមន្ទីរពេទ្យដែរឬទេ ក៏ឆ្លើយជាភាសា អង់គ្លេសថា I’m OK ហើយគាត់ក៏បានរកទិញថ្នាំពេទ្យដោយខ្លួនឯង។ រហូតដល់វេលាម៉ោង២២:៣០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានមកដល់ភ្នំពេញ និងបានកក់សណ្ឋារគារវ៉ាយខនើរ ដើម្បីសំរាកនៅបន្ទប់លេខ២០៧ ជាន់ទី២ ពេលមកដល់ពួកគាត់បានងូតទឹក ក៏បានកម្មង់អាហារ (ភីហ្សា) មួយសន្ទុះក្រោយមកគាត់ក៏បានចុះទៅយកអាហារនៅជាន់ក្រោមដោយខ្លួនឯង ពេលឡើងមកដល់ក្នុងបន្ទប់វិញ ក៏បានអង្គុយញុំាភីហ្សានៅចុងគ្រែ ចំណែកគាត់ជាសង្សារគេងនៅលើគ្រែ ថែមទាំងបានប្រាប់ថាញុំាហើយ ឆាប់ចូលសំរាក ព្រោះស្អែកយើងត្រូវទៅឆែកវីសា(ជាភាសាអង់គ្លេស) លុះគាត់កំពុងគេងបានមួយសន្ទុះតែមិនទាន់គេងលក់ក៏មានលឺសំលេង ស្ទុះក្រោកឡើងមើលឃើញមិត្តប្រុសរបស់ខ្ញុំបានធ្លាក់គ្រែដេកផ្កាប់មុខនៅចន្លោះគ្រែ គាត់ជាសង្សារបានជួយគ្រាគាត់ឡើងអង្គុយលើគ្រែ ដោយមានបែកចិញ្ចើមផ្នែកខាងឆ្វេង និងបានលាងរបួសអោយគាត់ ហើយគាត់បានប្រាប់ថាមិនអីទេ ហើយក៏ចូលសំរាកទៅ។
រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧:៣០នាទី គាត់ជាសង្សារបានក្រោកឡើង និងបានដាស់គាត់អោយក្រោកប៉ុន្តែគាត់មិនឆ្លើយ ខ្ញុំក៏បានស្រែក ហៅអ្នកទទួលភ្ញៀវសណ្ឋាគារអោយជួយហៅពេទ្យ ពេលពេទ្យ ពេលពេទ្យមកដល់ម៉ោងប្រហែល ០៨និង៣០នាទី ពេទ្យបានធ្វើការពិនិត្យហើយបានប្រាប់ថាគាត់បានស្លាប់បាត់ហើយ។
ដូច្នេះយោងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស នឹងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆិយរាជធានីភ្នំពេញ សពស្លាប់ដោយសារគាំងបេះដូងអាចបណ្តាលមកពីជំងឺបេះដូង ពេលនេះ ត្រូវបានយកទៅតម្កល់ក្លាស្សេទុក នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រង់ចាំសាច់ញាតិមកទទួល ធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ