ខេត្តព្រះវិហារ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់គ្មានសល់ រាលដាលដល់ផ្ទះចំនួន ៣ខ្នងទៀត រងការខូចខាត បង្កការភ្ញាក់ផ្អើលខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង ៣៣នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និង៣ខ្នងទៀតខូចខាត ៤០% អគ្គិភ័យនេះ ចាប់ផ្តើមពីផ្ទះលក់ហ្គាសរបស់ឈ្មោះ រិន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ (ធុងហ្គាសមានសភាពចាស់ មានច្រេះស្របពេលអាកាសធាតុឡើង ៤២អង្សា ) បណ្តាលឲ្យរបួសសើស្បែក ០៥នាក់ ។
ក្រោយទទួលបានព័ត៌មានពីមជ្ឍមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយអធិការដ្ឋាននគរបាលស្រុកជ័យសែន និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាង បានចុះជួយអន្តរាគមន៍បាញ់ពន្លត់ រហូតរលត់ទៅវិញនៅវេលាម៉ោង ៤និង ២០នាទីល្ងាច ថ្ងៃដដែល ដោយប្រើប្រាស់ទឹកអស់ចំនួន ១០រថយន្ត ។ ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ផ្ទុះធុងហ្គាស ៕