រាជធានីភ្នំពេញ ៖ នារីម្នាក់កំពុងដើរទៅធ្វើការងាររោងចក្រ ជួបក្រុមជនសង្ស័យ ដែលជាក្រុមចោរទម្លាក់យោង មានគ្នា៤នាក់ ប្រើល្បិចធ្វើជាជ្រុះកញ្ចប់មាស ល្បួងយកទៅព្រៃស្ងាត់ ដោះយកគ្រឿងអលង្ការ យកលុយកាក់ ទូរស័ព្ទ អស់ពីខ្លួនបានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ លុះលាថង់មើលរបស់ទាំងនោះ ទើបដឹងថាជាក្រឡៃ ក៏ស្រែកទ្រហោយំឆោឡោតែម្តង។ ករណីនេះមិនមែនទើបតែមាននោះទេ មានច្រើនមកហើយ សារព័ត៌មានក៏ធ្លាប់ផ្សាយឲ្យបងប្អូនប្រុងប្រយត្ន័ ប៉ុន្តែនៅតែមានករណីបែបនេះដដែល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅព្រៃរបោះ ជាប់ផ្លូវបេតុង ក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ មុតផាន ផាត់សារ អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ច ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងនោះ សម្ភារៈបាត់បង់ ត្រូវបានជនរងគ្រោះ អះអាងថា មានកងដៃប្លាទីន១ ,ខ្សែដៃប្លាទីន១ខ្សែ, ចិញ្ចៀន១វង់ ,ក្រវិលមួយគូ លុយ២២ម៉ឺនរៀល និងទូរស័ព្ទ i phone xs max ១គ្រឿង ។
តាមការយំរៀបរាប់ពីនារីរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ខ្លួនបានដើរចេញពីផ្ទះជួល ជិតដល់មុខតំបន់សេដ្ឋកិច្ចបំណងទៅធ្វើការរោងចក្រ ពេលនោះស្រាប់តែមានស្ត្រីដែលជាជនសង្ស័យម្នាក់ ដើរមកសួរ រឿងមានគេជ្រុះបាត់កញ្ចប់មាស មិនទាន់ទាំងឆ្លើយផងក៏មានស្ត្រីជាជនសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថាកុំមាត់ កញ្ចប់មាសរូបគេរើសបាន និងលើកបង្ហាញឱ្យមើលទៀត រួចក៏ល្បួងថាទៅចែកគ្នា ដោយបានជិះម៉ូតូម៉ាកហុងដាឌ្រីម ២គ្រឿង បណ្តើរគ្នារហូតដល់ព្រៃរបោះមួយកន្លែង តាមផ្លូវបេតុងក្នុងភូមិកំរៀង សង្កាត់កន្ទោក ។ ពេលនោះ ស្ត្រីជាជនសង្ស័យក៏ហុចថង់ក្រហម ស្រាយមាត់ឱ្យមើល ឃើញលោហៈក្រហម ឱ្យកាន់ និងដោះដូរជាមួយគ្រឿងអលង្ការរបស់ខ្លួន រួចជនសង្ស័យក៏ធ្វើសកម្មភាព ដោះយកគ្រឿងអលង្ការ លុយកាក់ យកទូរស័ព្ទ ពីខ្លួនអស់រលីងពីជនរងគ្រោះ ដែលម្តាយខំឲ្យកាលពីទៅលេងថ្ងៃចូលឆ្នាំខ្មែរ រួចជនសង្ស័យប្រាប់ថា ឲ្យរង់ចាំមួយភ្លែត ពួកគេ៤នាក់ ប្រុស២នាក់ ស្រី២នាក់ ទៅដូរលុយសិន ហើយឡើងជិះម៉ូតូឌុបគ្នា ទៅបាត់អស់ តែម្តង។
ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពបានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ឈររង់ចាំយូរពេក ក៏លាស្រាយមាត់ថង់មាសនោះមើល គិតថាដូររបស់ខ្លួនជាមួយរបស់គេ បានច្រើនហើយ ទុកគ្រាន់យកទៅបង្អួតម៉ែ តែផ្ទុយទៅវិញ ជាខ្សែកក្រឡៃ ភ្ញាក់ខ្លួន ដឹងថាចាញ់បោកគេហើយ ស្រែកទ្រហោយំ ដើរតាមផ្លូវ ត្រូវបានកម្លាំងប្រជាការពារប្រទះឃើញ ជួយឌុបជូនទៅដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាល ដើម្បីដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ក្រុមចោរទម្លាក់យោងទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់តែម្តង ៕ អែល មេសា