ខេត្តមណ្ឌលគិរី ៖ ពិតជារន្ធត់ណាស់ ផ្ទុះគ្រាប់មីន បណ្តាលអោយមនុស្ស៤នាក់ស្លាប់ និងរងរបួស២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៧និង៤៥ នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចត្រពាំងតុង ស្ថិតក្នុងភូមិស្រែអី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជា កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងការិយាល័យ ជំនាញសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលមនោរម្យ បានចុះដល់កន្លែងកើតហេតុបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ខណៈសពបាន ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះទាំង៦នាក់ បានទៅរើសជ័រនៅម្តុំចំណុចត្រពាំងតុង រួចក៏បាននាំគ្នា សម្រាកក្រោមដើមឈើ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទះមួយនៅគល់ឈើ បន្ទាប់មកឈ្មោះ ធើប ក្លេវ ក៏បានប្រាប់កូន កូនប្រសារ ព្រមទាំងចៅថា «នេះជារបស់ចាស់ពីមុនមក» ក្រោយមក ជនរងគ្រោះឈ្មោះ តែក ខ្លូង បាននាំកូនស្រី ឈ្មោះ ដា វាសនា ដើរចេញពីទីនោះប្រហែលបាន៦- ៧ម៉ែត្រ គ្រាប់ក៏បានផ្ទុះ បណ្តាលអោយជនរងគ្រោះឈ្មោះ តែក ខ្លូង និងឈ្មោះ ដា វាសនា រងរបួស ហើយឈ្មោះ តែក ខ្លូង ក៏បានរត់ទៅមើលជនរងគ្រោះ៤នាក់ទៀត (១.ធើប ក្លេវ ២.ក្លេវ ដា ៣.ដា ហាត់ ៤.ដា សា) បានស្លាប់បាត់ទៅហើយ រួចឈ្មោះ តែក ខ្លូង ក៏នាំ ឈ្មោះ ដា វាសនា ដើរត្រលប់មកភូមិវិញ (ស្រែអ៊ី) ដើម្បីអោយគេជួយអន្តរាគមន៍ តែម្តង ។
ដូច្នេះសូមជម្រាបជូន និងក្រើនរំលឹកម្តងហើយម្តងទៀត បើឃើញគ្រាប់មីន ឬគ្រាប់មីនទាន់ផ្ទុះ កុំប៉ះពាល់ កុំដំ កុំដុត កុំកែច្នៃ និងកុំគប់លេង ត្រូវរាយការណ៍ទៅអាជ្ញាធរ ជាបន្ទាន់ ព្រោះអាចបង្កឲ្យមានគ្រោះថ្នាក់ ៕ មេសា