ប្រាប់ម្ចាស់មិនឈ្នះ ខឹងចិត្តទាញ AK47 បា...ញ់ស្លា...ប់២ក្បាល ...
សន្តិសុខសង្គម
133

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយទប់កំហឹងមិនបាន ប្រាប់ម្ចាស់មិនឈ្នះ ក៏ទាញកាំភ្លើង AK47 បាញ់ក្របីគេស្លាប់២ក្បាល ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបង្ហោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជនសង្ស័យលួចបាញ់ក្របីរបស់ខ្លួនស្លាប់ នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅជាមួយគ្នា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរតនៈ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សីឈានទៅដល់ការកំណត់មុខសញ្ញាមកធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើសត្វក្របីចំនួន ០២ក្បាល បណ្តាលឲ្យស្លាប់នៅលើចំការរបស់ខ្លួនចំនួន ០១ក្បាល និងចំនួន ០១ក្បាលទៀតរត់ចេញទៅក្រៅ ។ ក្រោយពីធ្វើសកម្មភាពរួច ខ្លួនបានយកអាវុធទៅលាក់ទុកក្រោមគ្រែក្នុងផ្ទះរបស់ខ្លួន។

ក្រោយពីបានទទួលចម្លើយសារភាពនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំជនសង្ស័យទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ០១ដើម និងបង់ចំនួន០២ យកមកបំពេញនិតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅតុលាការខេត្តព្រះវិហារ។

ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់ម្ចាស់សត្វពាហនៈទាំងអស់ ឲ្យមានភាពទទួលខុសត្រូវក្នុងការចិញ្ចឹមបីបាច់ថែរក្សា ជៀសវាងមានបាតុភាពដូចខាងលើនេះ ៕


Telegram