ខេត្តសៀមរាប ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សហការជាមួយលោកឧត្តមសេនីយ៍ទោ អូត ស៉ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ត្រី ផៃ រស្មី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងលោក យិន យូឡាយ ព្រះរាជអាជ្ញារង ដោយមានការចូលរួមសហការពីកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការបង្ក្រាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់នៅចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពីយើងប្រើវិធានការជំនាញសាកសួរ និងពិនិត្យទៅលើភស្តុតាងនានាហើយបានស្រាវជ្រាវរកឃើញទីតាំងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងស្ថិតនៅ ភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងបានដកហូតចាប់យកវត្ថុតាង សារធាតុញៀនមេតំហ្វេតាមីន(ice) សរុបចំនួន១២១ដុំ ដែលបានលាក់ទុកនៅក្នុងរថយន្តម៉ាក Camry (គូទហើម) ស្មើនឹងទម្ងន់ ១២០,៦៨៥ ក្រាម។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕