កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» ជាគោលដៅទេសចរណ៍នាំឱ្យភាពស្អាតក្នុងចិត្ត ភាពស្អាតមកខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ
សន្តិសុខសង្គម
454

កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

គម្រោងទេសចរណ៍លំហែរបៃតង ជាយុទ្ធសាស្រ្តចម្បងមួយរបស់ក្រសួងបរិស្ថាន កើតចេញពីការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានបានផ្តោលើមុំយុទ្ធសាស្ត្រចំនួន៣ គឺស្អាត បៃតង និងចីរភាព។ យុទ្ធសាស្រ្តបានយកចិត្តទុកដាក់លើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមតំបន់ការពារធម្មជាតិ ពីព្រោះថា ការសាងសង់នេះ គឺទុកសម្រាប់ជាប្រយោជន៍ជូនពួកគាត់ ឱ្យរកប្រាក់ចំណូលបន្ថែម ព្រមទាំងរក្សាភាពថ្លៃថ្នូរដែលជាទំនៀមទម្លាប់ របស់ប្រជាជាតិពីដូនតាខ្មែរ។

សូមបញ្ជាក់ថា កន្លែងសមាធិដ៏ទំនើបមួយនៅកម្ពុជានេះ បានរចនាឡើងតាមរចនាបទខ្មែរ តាមគំនិតច្នៃប្រឌិតនិងបង្កើតឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងបានសង់ឡើងជាតង់សម្រាក តាមស្ថាបត្យកម្មខ្មែរ ដោយបានគិតគូរយ៉ាងល្អិតល្អន់ សម្រាប់កន្លែងសមាធិ បរិស្ថានជុំវិញ និងមានមុងការពារការរំខានពីសត្វល្អិត តាមរយៈភាពស្ងប់ ងាយស្រួលដល់ការស្វាធ្យាយ និងសម្អាតចិត្តឱ្យស្អាតផូរផង់ល្អ។

បច្ចុប្បន្នគម្រោងបានបញ្ចប់ការសាងសង់ សមាធិចំនួន១០កន្លែង ព្រមទាំងកាំជញ្តើរឡើងភ្ជាប់ទៅទីតាំងទាំងនោះ ដ៏ល្អស្អាតផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំដល់ក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់បង្កើតជាសួនច្បារ ដែលត្រូវដាំដុះផ្កា និងដើមឈើលម្អបន្ថែមទៀត ដើម្បីបង្កើនសោភ័ណភាព និងបរិយាកាសល្អមួយកម្រិតទៀត។ តាមគម្រោងកន្លែងសមាធិ នឹងត្រូវសាងសង់ចំនួន ៥០ទីតាំង ផ្សេងគ្នាជាបន្តបន្ទាប់ ដើម្បីទទួលពុទ្ធបរិស័ទ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តឧទ្យានជាតិ«គីរីរម្យ» បានចូលរួមទស្សនាទេសភាពធម្មជាតិ ស្រូបយកខ្លយល់អកាសបរិសុទ្ធ ស្វែងយល់ពីវប្បធម៌ ប្រវត្តិសាស្រ្ត និងធ្វើសមាធិ សិក្សាធម៌វិន័យរបស់ព្រះពុទ្ធសាសនា ដែលជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋតពីដូនតា៕


Telegram