រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទូរសព្ទរបស់គេ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃវែង ធ្វើការឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១និង១០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ឺន ចន្ធី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានស្នាក់នៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានឈ្មោះ ប្រាក់ និស័យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ទូរស័ព្ទដៃម៉ាកOPPO ពណ៌ស ចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាករៀលមី ពណ៌ខៀវ ចំនួន០១គ្រឿង ,ទូរដៃម៉ាកណូគារ ពណ៌ខ្មៅលាយស ចំនួន០១គ្រឿង ,កាបូបលុយ ពណ៌ខ្មៅ ចំនួន០១ ,លុយខ្មែរចំនួន៣០០០០រៀល ,ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹក, ខ្សែករលោហធាតុ ពណ៌លឿងទុំ ចំនួន០១ខ្សែ ។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ និស័យ ភេទប្រុស អាយុ៣១ឆ្នាំ បានចូលមកធ្វើសកម្មភាពលួចទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ចំនួន០១គ្រឿង ដែលជនរងគ្រោះបានសាកថ្មទុកនៅមាត់ទ្វារផ្ទះ។ ពេលនោះជនរងគ្រោះភ្ញាក់ដឹងខ្លួន បានឃើញជនសង្ស័យក៏ស្រែកឆោឡោថា ចោរៗ រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ហើយក៏មានប្រជាពលរដ្ឋ និងសម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានលឺជនរងគ្រោះស្រែកឆោឡោ ក៏បានជួយអន្តរាគមន៍តាមរកជនសង្ស័យ រហូតដល់វេលាម៉ោង០៦ និង៤៥នាទីថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្រោយផ្ទះរបស់ឈ្មោះ អ៊ុំ សាវុធ ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យ បណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អត្ថបទនិងរូបភាព ដោយលោកអែល វិចិត្រ (ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត)