រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរម៉កម៉ូតូកំពុងបើកលឿន ស្រាប់តែមានម៉ូតូឆ្លងមិនប្រយត្ន័ បុកគ្នាពេញទំហឹង ស្លាប់អ្នកបើករម៉កម្នាក់យ៉ាងរន្ធត់ ចំណែក២នាក់ទៀតរបួស ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង ម៉ូតូរម៉ក់មួយគ្រឿងម៉ាក Dream C125 ពាក់ផ្លាកលេខ ភ្នំពេញ 1CG:3323 បើកបរដោយឈ្មោះ រឿន សុខហេង ភេទប្រុស អាយុ២០ឆ្នាំ មានអាស័យដ្ឋាន ភូមិបឹងក្តុល ឃុំកំពង់អូស ស្រុកពញាឮ ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ឈ្មោះ មឿន សុខថៃ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រម៉កបើកបរក្នុងល្បឿនលឿន ម៉ូតូ ម៉ាក Dream97 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ថ ២៤៥៨ ភព១ បើកបរដោយមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន ក្នុងទិសដៅពីកើតទៅលិច ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏បុកគ្នាពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើករម៉ក ស្លាប់នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រីឯអ្នករួមដំណើររងរបួសធ្ងន់នៅពេទ្យជាមួយគ្នា ។ ដោយឡែកភាគីខាងម៉ូតូមិនដឹងទៅព្យាបាលមន្ទីរពេទ្យណាមួយទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូនិងម៉ូតូសណ្តោងរម៉ក់ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ហើយសមត្ថកិច្ចកំពុងចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពបន្ត។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា