រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១និង ៤៤នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍ ។
ភ្លាមៗគេឃើញកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ សហការជាមួយជំនាញពន្លត់អគ្គិភ័យខេត្ត និងកងរាជអាវុធហត្ថខេត្ត បានចេញប្រតិបត្តិការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន រួមមាន ៖ រថយន្តស្នងការដ្ឋាននគរបាលខេត្ត ០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ០១គ្រឿង រថយន្តកងរាជអាវុធហត្ថខេត្ត២គ្រឿង រហូតរលត់ទៅវិញនៅវេលាម៉ោង ២និង ១០នាទីរសៀល ។
ក្នុងនោះ ក៏បណ្តាលឲ្យឆេះខូចខាត ប្លង់២សន្លឹក កាតគ្រីឡាន១សន្លឹក ម៉ាស៊ីនត្រជាក់០១គ្រឿង ទូរទស្សន៍០១គ្រឿង ទូទឹកកក០១គ្រឿង ធុងទឹកកក០១ តុ០១ កៅអីជ័រ២០ កាតប៉ូលិស០១សន្លឹក សៀវភៅគ្រួសារ០១សន្លឹក សៀវភៅស្នាក់នៅ០១សន្លឹក គ្រែដេកចំនួន៣ លុយ៤លានរៀល និង១១០០ដុល្លារ មាស៨ជី ផ្លាទីក៥ជី និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង ៕