ជិះសុទ្ធតែសង់០២៤ ឆក់ទូរសព្ទគេបានសម្រេច ស៊យជាប់ icloud សមត្ថកិច្ចដេញចាប់បាននៅប្រកែកខ្លាំងទៀត មានអីដល់ប៉ុស្តិ៍ធ្វើមុខឡើងស្លូត!
សន្តិសុខសង្គម
423

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានជនរងគ្រោះ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ប្រដេញតាម icloud តាំងពីភូមិសាស្ត្រសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រហូតមកដល់ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ទើបចាប់ឃាត់ខ្លួនបាន ក្រោយឆក់ទូរសព្ទរបស់នារីម្នាក់ ហើយជិះរត់ ដកហូតបានទូរសព្ទជនរងគ្រោះមកវិញផងដែរ ខណៈភ្លាមៗពេលសមត្ថកិច្ចចាប់បាននោះ ជនសង្ស័យរូបនេះ អាងចាង ប្រកែកញ៉ាញ ពេញផ្លូវតែម្តង លុះពេលមកដល់ប៉ុស្តិ៍ ធ្វើមុខឡើងស្លូត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ។

តាមរបាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រស់ ហ្សូនី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនលក់អចលនៈទ្រព្យ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ នៅចំណុចបណ្ដោយផ្លូវ៤០២ កែងផ្លូវ១៩៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន ​៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១KP-៧៥០៥ លេខតួ និងលេខម៉ាស៊ីនND១២៥NE-០១៤០៧១៨ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) , ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPHONE 13 Pro MAX ពណ៌ទឹកសមុទ្រ (ជារបស់ជនរងគ្រោះ) ចំពោះទូរស័ព្ទដៃ០១គ្រឿងម៉ាកIPHONE 13 Pro MAX ពណ៌ទឹកសមុទ្រ ជារបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំដោយមានការឯកភាពពី លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

រីឯជនរងគ្រោះមានឈ្មោះ ណឹប ពេជ្រវិជ្ជា ភេទស្រី អាយុ៣៦ឆ្នាំ ​ រស់នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។​

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤វេលាម៉ោងប្រហែល១១:០០ ជនសង្ស័យខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១KP-៧៥០៥ ចេញពីផ្ទះសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ គោលបំណងមកជួបប្អូនឈ្មោះ រិទ្ធ ភេទប្រុស អាយុប្រហែល២៧ឆ្នាំ នៅម្តុំផ្សារដើមគរ។ ពេលមកដល់ក៏បបួលគ្នាជិះធ្វើសកម្មភាពឆក់គេតាមដងផ្លូវ ដោយជិះម៉ូតូម្នាក់០១គ្រឿង។ ពេលពួកជនសង្ស័យជិះមកដល់ម្ដុំខាងក្រោយសាលាវ៉ាន់ដា ក៏ស្រាប់តែឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង និងឃើញមានទូរស័ព្ទ០១គ្រឿងនៅហោប៉ៅខាងស្ដាំ លៀនចេញមក។

សមត្ថកិច្ចបន្តថា ភ្លាមនោះជនសង្ស័យឈ្មោះ រិទ្ធ ក៏ជិះម៉ូតូទៅអៀបខាងស្ដាំដៃជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទនោះបានសម្រេច ហើយជនសង្ស័យឈ្មោះ រស់ ហ្សូនី ជិះម៉ូតូ បិទគូទពីក្រោយ។ ពេលមកដល់កន្លែងស្ងាត់ ឈ្មោះ រិទ្ធ ក៏ហុចទូរស័ព្ទដែលឆក់បាននោះ អោយជនសង្ស័យឈ្មោះ រស់ ហ្សូនី យកទៅលក់។ ពេលជនសង្ស័យឈ្មោះ រស់ ហ្សូនី ជិះមកដល់ការ៉ាស់សាំងPTT ក៏ចូលដូរខោអាវ ហើយជនរងគ្រោះក៏ឆែកមើលតាមប្រព័ន្ធ ICLOUD ឃើញសញ្ញានៅម្ដុំការ៉ាសសាំងPTT សង្កាត់ទួលសង្កែទី២ ក៏ឃើញជនសង្ស័យ ហើយស្រែកចោរៗ។

ភ្លាមនោះជនសង្ស័យឈ្មោះ រស់ ហ្សូនី ក៏បោះទូរស័ព្ទនោះចោល ហើយក៏មានសមត្ថកិច្ចមកឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ ហ្សូនី រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ធ្វើការសាកសួរ និងប្រគល់ជនសង្ស័យ រួមនឹងវត្ថុតាង យកមកអោយសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកធ្វើការសាកសួរបន្តតែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀន) ។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្នដើម្បីក

សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់ ៕ អែល វិចិត្រ +មេសា

(ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត)


Telegram