មន្ត្រីជំនាញ ដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ ៣៧០០ គីឡូក្រាម
ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ មន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល ធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកនាំចូលខុសច្បាប់ចំនួន ១៨៥ បាវ ស្មើនឹង ៣ ៧០០ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។
បំណែកសាច់មាន់បង្កកនេះ ត្រូវបានបង្ក្រាបនិងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។