រថយន្ត២គ្រឿងបុកគ្នាផ្លោងបោកផ្ទប់ដើមឈើ របួសមនុស្ស៧នាក់ លើផ្លូវជាតិលេខ៦
សន្តិសុខសង្គម
257

ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យរងរបួសស្រាល ០៧នាក់ (ស្រី០៥នាក់) ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៦៦-២៦៧ ក្នុងភូមិថ្នល់ ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប វេលាម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ដល់កន្លែងកើតហតុសម្រួលចរាចរណ៍ វាស់វែង និងបញ្ជូនជនរង គ្រោះទៅមន្ទីរពេទ្យ ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង រវាងរថយន្តមួយគ្រឿងម៉ាកLAND CRUISER PRADO ពណ៌សូកូឡា ផ្លាកលេខភ្នំពេញ 2AC-9918 អ្នកបើកបរឈ្មោះ ហ៊ាង ហុងភេទ ប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ៧ សង្កាត់ល្អក់ទី៣ ខណ្ឌទួល គោក រាជធានីភ្នំពេញ ដឹកមនុស្ស២នាក់ ១.ឈ្មោះហេង លាងខេង ភេទស្រី អាយុ៤១ឆ្នាំ ២.ឈ្មោះលី សុ ខេង ភេទស្រី ទិសដៅពីកើតទៅលិច បុករថយន្តគ្រឿងម៉ាកTOYOTA ALPHARD ពាក់ស្លាកលេខកោះកុង 2C-2121 ពណ៌ស អ្នកបើកបរឈ្មោះផន សិដ្ឋសុទ្ធសាធ ភេទ ប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស៣នាក់ ១.ឈ្មោះ នៅ សុខសាន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិ រលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ២.ឈ្មោះសំសុធា ភេទស្រី អាយុ៤២ឆ្នាំ រស់នៅ ភូមិមិនដឹង ៣.ឈ្មោះ ចាន់ គឹមរ៉េត ភេទស្រីអាយុ៦៥ឆ្នាំរស់នៅរាជធានីភ្នំពេញទិសដៅពីលិច ទៅកើត ។ ខណៈមូលហេតុ អ្នកបើកបររថយន្ត ផ្លាកលេខ ភ្នំពេញ2AC-9918 បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកជីក្រែង ៕


Telegram