សាលាដំបូងខេត្តកែប បានចេញនូវដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ភូ លិ អតីតអភិបាលរងខេត្តកែប ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ផ្តន្ទាទោសដាក់ពន្ធនាគារ ០៣ឆ្នាំ
សន្តិសុខសង្គម
188

ខេត្តកែប ៖ សាលាដំបូងខេត្តកែប បានចេញនូវដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ភូ លិ ភេទប្រុស អាយុ៤៧ឆ្នាំ ជាអតីតអភិបាលរងខេត្តកែប មានទីកន្លែងកំណើតនៅភូមិកែប ឃុំកែប ស្រុកកំពត ខេត្តកំពត អាស័យដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ ៥៦ ផ្លូវលេខ៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

ក្នុងនោះ ឈ្មោះ ភូលិ ភេទប្រុស អាយុ៤៧ឆ្នាំ ត្រូវបានសាលាដំបូងខេត្តកែប សម្រេចចេញសាលក្រមព្រហ្មទណ្ឌលេខ ២៨ «ឃ» ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដោយប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០៣(បី)ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ០១ (មួយ)ឆ្នាំ គិតចាប់ពីថ្ងៃចាប់ខ្លួន ហើយទោសដែលនៅសល់រយៈពេល ០២ (ពីរ) ឆ្នាំ ត្រូវព្យួរការអនុវត្តទោសធម្មតា និងពិន័យជាប្រាក់ ៥.០០០.០០០ (ប្រាំលាន)រៀល បង់ចូលជាថវិការដ្ឋ ។

ពីបទ៖ ហិង្សារដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

តុលាការចេញដីការបង្គាប់ឲ្យចាប់ និងឃុំខ្លួនឈ្មោះ ភូ លិ ភេទប្រុស នាំយកទៅពន្ធនាគារខេត្តកែប ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមព្រហ្មទណ្ឌ តាមបញ្ញាត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

ហេតុដូច្នេះសម្រេច ៖

១/ បង្គាប់ឲ្យចាប់ និងឃុំខ្លួនឈ្មោះ ភូ លិ ភេទប្រុស អាយុ៤៧ឆ្នាំ ។

២/ បង្គាប់មកមន្ត្រីនគរបាលយុត្តិធម៌គ្រប់ជាន់ថ្នាក់ និងភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តចាប់ខ្លួនជនខាងលើនេះ យកមកឃុំខ្លួននៅពន្ធនាគារខេត្តកែប ។

៣/ ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ទទួល និងឃុំខ្លួនជននេះ រហូតដល់មានសេចក្តីសម្រេចផ្សេង ។

៤/ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ។

ទាក់ព័ន្ធនឹងករណីខាងលើ អង្គភាពសារព័ត៌មាន TVFB បានសម្ភាសន៍ទៅកាន់លោក ស្នងការនគរបាលខេត្តកែប ដោយលោកបញ្ជាក់នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះថា ជុំវិញករណីនេះ លោកបានទទួលដីកាពីតុលាការហើយ និងបានចាត់ចែងទៅជំនាញរបស់លោករួចរាល់ហើយ ៕


Telegram