លើបណ្តាញសង្គម បាននាំគ្នាស៊ែរបន្តចែករំលែកនូវយោបល់ផ្សេងៗគ្នាបង្ហាញការមិនពេញចិត្តជាខ្លាំងទៅលើការលេងសើច របស់ Influencer ម្នាក់ គឺលោក សាន់តា ដែលបានថតនូវនៅរូបសំណាក សេះសមុទ្រ ដោយបុគ្គលនេះបានថតរូបភាពសម្តែងប្រៀបដូចជាមនុស្សឈរនោមបង្ហាញកេរ្ត៍ភេទ ដែលទង្វើជាទង្វើអសីលធម៌ និងត្រូវបានអ្នកលេងបណ្តាញសង្គម លើកឡើងថា ជាការមើលងាយលើរូបសំណាកមួយនេះ ដែលកំពុងមានភ្ញៀវទេសចរសម្រុកមកលេងកម្សាន្ត និងថតរូបនៅរូបសំណាក សេះសមុទ្រនេះ យ៉ាងច្រើនកុះករ ពីមួយថ្ងៃទៅមួយថ្ងៃ។
ជុំវិញរូបថតមួយសន្លឹក របស់ សាន់តា នេះដែរ គេឃើញផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅវេលាម៉ោង ៨និង ៥៧នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា « មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួន លោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ ! នេះជាទង្វើរគ្មានសីលធម៌នឹងជាគំរូអាក្រក់ ហើយគឺនេះជាការម៉ាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់ » ។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បង្ហោះទៀតថា «ស្នងការដ្ឋាននគរបាលខេត្តកំពត សូមអញ្ជើញលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក 26.04.24 នេះដើម្បីពិភាក្សារការងារចាំបាច់មួយចំនួន » ។
ក្នុងនោះក៏មានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិទៀតថា ភាគច្រើនតាមបណ្តាញសង្គមមួយរយៈនេះឃើញអ្នកថតរូបមួយមួយចំនួន មើលទៅមិនសូវសមរម្យសោះ គួរណាតែថតរូបបែបលើកស្ទួយ មិនមែនថតរូបបែបនឹងទេ បើប្រជាជនប្រទេសគេមើលឃើញមិនល្អមើលទេ មានរបស់លើកមុខមាត់ប្រទេសហើយ ធ្វើអោយដូចសង្ហបុរីទៅល្បីណាស់ សំខាន់អ្នកល្បីអ្នកថតរូប ថតអោយបានសមរម្យទៅ យូរទៅនិងល្បីដូចប្រទេសគេដែរហើយ។
មិនតែប៉ុណ្ណោះ គេក៏ឃើញ សាមីខ្លួន សាន់ តា បានចូលទៅខមមិន ជុំវិញការរបស់ផុសរូបរបស់លោក នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំដឹងថាខុសទើបដាក់ Story តែ៣នាទីលុបចោលវិញ តែបងប្អូនអ្នកស្អប់ screenshot យកមកផុសទៀត » ៕