ខេត្តកណ្តាល ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ ខណៈបុរសម្នាក់ ផឹកស្រវឹង ប្រាប់ម្តាយថាចង់បួស បាត់មួយយប់ ព្រឹកឡើងបែរជាឃើញចងកស្លាប់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅដីឡូតិ៍ទុកចោល ជិកមាត់ស្រះ មិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ កែម សុផានិត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមការបំភ្លឺរបស់ឈ្មោះ កែម ទិតវិរៈ ភេទប្រុស ត្រូវជាបងបង្កើតជនរងគ្រោះ នៅកន្លែងកើតហេតុបានអោយដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨យប់ ជនរងគ្រោះស្រវឹងស្រាខ្លាំង ហើយនិយាយប្រាប់ម្តាយបង្កើតថា ខ្ញុំចង់ទៅបួស និយាយចប់ជនរងគ្រោះបានដើរសំដៅមកវត្តមូលីសុវណ្ណ ហៅវត្តតាមល។ លុះដល់វេលាម៉ោង៩យប់ បងបង្កើតជនរងគ្រោះ ដើររកជនរងគ្រោះតែរកមិនមើល ហើយក៏ដើរត្រឡប់មកផ្ទះវិញ ហើយប្រាប់ម្ដាយថា រកមិនឃើញទេ រួចក៏ចូលដេក ។ លុះដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៦និង៣០ នាទីបងប្រុសបង្កើត ងើបដេកហើយដើររកជនរងគ្រោះម្តងទៀត កន្លែងដដែល ក៏ឃើញជនរងគ្រោះចងក នៅដើមស្វាយ ចំហៀងខាងក្រៅវត្តមូលីសុវណ្ណ ហៅវត្តតាមល តែម្តង ។
លុះវេលាម៉ោង ៩ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ សហការជាមួយអាជ្ញាធរភូមិ ឃុំ គ្រូពេទ្យឃុំ បានធ្វើការពិនិត្យសាកសព ហើយសូមបញ្ជាក់ថា ជនរងគ្រោះជាមនុស្សញៀនផឹកស្រាជាប្រចាំរយៈពេល ០៣ឆ្នាំហើយ ។ តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យ និងជំនាញពិនិត្យទីតាំងកន្លែងកើតហេតុ ជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងកដោយខ្លួនឯង) ពិតមែន និងប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ
(ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត)