ខេត្តកណ្តាល ៖ រថយន្តសណ្តោងស៊ឺមីរម៉កមួយគ្រឿង បុកពីក្រោយរថយន្តស្រាបៀរគ្រុឌ កំពុងខូចនៅចិញ្ចឹមផ្លូវពេញទំហឹង រុញទម្លាក់ធ្លាក់ពីលើផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់យ៉ាងរន្ធត់ រួចអ្នកបើករថយន្ត សណ្តោងស៊ឺមីរម៉កនោះ ប្រញាប់ចុះពីលើរថយន្ត ឡើងរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ លើចំណុចផ្លូវលេខ១២ចន្លោះគីឡូម៉ែត្រលេខ៥ និងលេខ៦ ស្ថិតនៅភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង រថយន្តមួយគ្រឿងម៉ាក FUSO ពណ៌លឿង ស្លាកលេខ ភ្នំពេញ 3E-6187និងរម៉កសណ្តោងលេខ 4A 5622ទិសដៅពីត្បូងទៅជើង(ឃុំឈើទាល ទៅ ឃុំបន្ទាយដែក)បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស (គេចខ្លួន) ។ ពេលមកដល់ចំណុចកើតហេតុក៏បាន ទៅបុកជាមួយនិង រថយន្តមួយគ្រឿងម៉ាក Heno ស្រាបៀរគ្រុឌ ពណ៌ខៀវ ពាក់ស្លាកលេខ ចង្កូតស្តាំPP4354 ដែលកំពុងខូច (បែកទុយោប្រេង) រួចក៏មានមនុស្ស៤នាក់ ចុះទៅមើលទុយោប្រេងដែលបែកនោះ។
សមត្ថកិច្ចបញ្ជាក់ទៀតថា រថយន្តដែលបែកទុយោប្រេងនេះ បើកបរដោយឈ្មោះ ឯក ម៉ាច ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ) និងអ្នកធ្វើដំណើរជាមួយមានឈ្មោះ រ៉េន ស៊ុននារី ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់បច្ចុប្បន្នភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (រងរបួសធ្ងន់ ), ឈ្មោះអាត សុខនី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅបច្ចុប្បន្នភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (អ្នករួមដំណើរជាមួយ) រងរបួសស្រាល និងម្នាក់ទៀត ឈ្មោះ ឃិន ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នស្នាក់នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នករួមដំណើរជាមួយ)មិនមានរបួស ។
សមត្ថកិច្ចបន្តថា ពេលបុករួច អ្នកបើកបររថយន្តកុងទីន័របានចុះពីលើរថយន្ត ឡើងទៅជិះជាមួយរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក មានពាក់ផ្លាកលេខ ភ្នំពេញ 3E 6186 និងកន្ទុយសណ្តោង ពាក់ផ្លាកលេខ 4A 5623 ប្រភេទកុងទីន័រដែល រួចក៏ជិះសំដៅទិសខាងជើង (ខាងផែនៅឃុំបន្ទាយដែក)បាត់ទៅ ។ ចំណែកជនរងគ្រោះខាងលើត្រូវបានរថយន្តសង្រ្កោះមណ្ឌលសុខភាពឃុំឈើទាល ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ។
ក្រោយកើតហេតុកម្លាំងនរគបាលប៉ុស្តិ៍ឈើទាលសហការណ៍ជាមួយជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សទុក ចុះវាស់វែងយកទៅរក្សាទុកនៅអធិការស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធីច្បាប់ ៕ អែល វិចិត្រ
(ហាមចម្លងយករូបភាព និងអត្ថបទរបស់ TVFB ដោយគ្មានការអនុញ្ញាត)