អភិបាលខេត្តកំពត អនុញ្ញាតឲ្យលោក SantaKH ចូលជួបដើម្បីធ្វើការសុំទោស ក្រោយថតរូបគ្មានសីលធម៌ជាមួយរូបសំណាកសេះសមុទ្រ
សន្តិសុខសង្គម
491

យោងតាមផេកផ្លូវការឈ្មោះ បេះដូងកំពត បានបង្ហោះទាំងស្រុងថា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោស នូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត ថ្មីៗនេះ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹង និងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត ។


ក្នុងនោះ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហោះផងដែរថា​« លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញកំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ ។ 25.04.24»

សូមបញ្ជាក់ថា លើបណ្តាញសង្គម បាននាំគ្នាស៊ែរបន្តចែករំលែកនូវយោបល់ផ្សេងៗគ្នា បង្ហាញការមិនពេញចិត្តជាខ្លាំងទៅលើការលេងសើច របស់ Influencer ម្នាក់ គឺលោក សាន់តា ដែលបានថតនូវនៅរូបសំណាក សេះសមុទ្រ ដោយបុគ្គលនេះ បានថតរូបភាពសម្តែងប្រៀបដូចជាមនុស្សឈរនោមបង្ហាញកេរ្ត៍ភេទ ដែលទង្វើជាទង្វើអសីលធម៌ និងត្រូវបានអ្នកលេងបណ្តាញសង្គម លើកឡើងថា ជាការមើលងាយលើរូបសំណាកមួយនេះ ដែលកំពុងមានភ្ញៀវ ទេសចរ សម្រុក មក លេង កម្សាន្ត និង ថត រូប នៅរូបសំណាក សេះសមុទ្រ នេះ យ៉ាង ច្រើន កុះករ ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងនោះសាមីខ្លួនក៏បានបង្ហោះសារ សុំទោសទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរ និងរដ្ឋបាលខេត្តផងដែរ និងទទួលស្គាល់នូវកំហុសអចេតនាមួយនេះ ៕


Telegram