រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ នៅចំណុចតារាងបាល់ DP ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ គឺពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដំបងដែកមូល(ដងឆ័ត្រ) ប្រវែងប្រហែល០២ម៉ែត្រ ចំនួនប្រហែល ១០ ដើមព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យឈឺចុកចាប់ពេញខ្លួន និងវាយម៉ូតូបណ្តាលឲ្យរងការខូចខាតចំនួន០១ គ្រឿង រួចប្លន់យកកាបូបប្រាក់និងទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹសចំនួន០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤ និង ៣០ នាទី បញ្ជូនមកការិយាល័យមកដល់នៅវេលាម៉ោង ០២ និង ៣០ នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះរួមមាន ៖
១-ឈ្មោះ ស្រស់ ចាន់រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្តថ្នាក់ទី៩អឺ២ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ខូយ វីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ស្រៀង សុភា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជម្ពូរវ័ន្តថ្នាក់ទី៩អឺ២មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៤-ឈ្មោះ សុគន្ធ បញ្ញា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ក្នុងនោះ សម្ភារៈចាប់យករួមមាន ៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ លេខតួ និងលេខម៉ាស៊ីន០០០១៦៧៩ ពាក់ផ្លាកលេខភ្នំពេញ១KE-៧៦៨៣ ចំនួន០១គ្រឿង ។
ចំណែកជនរងគ្រោះរួមមាន ៖
-ឈ្មោះ ឆន ប៊ុនធឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ
-ឈ្មោះ នួន លីន ភេទ ស្រី អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ
-ឈ្មោះ ស៊ាង សាត ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ ។
រីឯសម្ភារៈបាត់បង់រួមមាន ៖
-កាបូបប្រាក់ និងប្រាក់សរុបចំនួន ៤៥០,០០០រៀល(សែសិបប្រាំម៉ឺនរៀល)
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ចំនួន ០១ គ្រឿង និងខូចខាតម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ទឹកមាស សេរីឆ្នាំ២០១៩ ចំនួន ០១ គ្រឿង (ខូចខាតទាំងស្រុង) ។
បច្ចុប្បន្នជនសង្ស័យ និងសម្ភារចាប់យកខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ អែល មេសា