ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងពិភាក្សាការងារជាមួយលោក Tomas Kiechle អភិបាលក្រុង Kempten និងលោកបណ្ឌិត Richard Schiebl ដែលនឹងធ្វើបទបង្ហាញ ស្តីពី”ភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់” នៅក្នុងទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ
តាមរយៈបទបង្ហាញលើប្រធានបទស្ដីពីភាពខុសគ្នានៃរដ្ឋាភិបាលក្នុងស្រុកស្វីស និងអាល្លឺម៉ង់ នេះ លោកអភិបាលក្រុង និងលោកបណ្ឌិត និងដោយមានការចូលរួមពីអ្នកជំនាញខាងវិមជ្ឈការ និងអភិបាលកិច្ចមូលដ្ឋានផង បានគូសបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងគណៈប្រតិភូកម្ពុជា អំពីកម្រិតរដ្ឋបាលខុសៗគ្នា គោលការណ៍នៃក្របខណ្ឌសហប្រតិបត្តិការរបស់សហព័ន្ធ ទិដ្ឋភាពរួមនៃប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ និងគោលការណ៍ណែនាំស្តីពីច្បាប់រដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសតម្កល់នៅសាលាក្រុង Kempten ព្រមទាំងថតរូប និងផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាមួយភាគីអាល្លឺម៉ង់ មុននឹងបន្តទស្សនកិច្ចមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី «យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten»។
នៅពេលធ្វើបទបង្ហាញពាក់ព័ន្ធនឹងយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten លោកបណ្ឌិត Richard Schiebl និងលោក Andreas Ellinger មន្ត្រីជំនាញផ្នែករដ្ឋាភិបាលអេឡិចត្រូនិក ដែលមានបទពិសោធផ្នែកសិក្សាស្រាវជ្រាវជាច្រើនឆ្នាំអំពីទីក្រុងឆ្លាតវៃ បានចែករំលែកបទពិសោធអំពីគោលបំណងនៃការរៀបចំមន្ទីរពិសោធន៍នៃអនាគត ភ្ជាប់នឹងលក្ខណៈពិសេស ក៏ដូចជាដំណើរការប្រព្រឹត្តទៅនៃការរៀបចំទីក្រុង ដោយភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំគណៈកម្មាធិការនិងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនទៀតផងដែរ៕