រាជធានីភ្នំពេញ ៖ ពិតជារន្ធត់ណាស់ មនុស្សនៅហាងកាត់សក់ និងអ្នកលក់ដូរនៅក្រោមកំពុងអង្គុយ ស្រាប់តែមានបុរសម្នាក់ លោតទម្លាក់ខ្លួនពីជាន់ទី៤ ស្លាប់យ៉ាងរន្ធត់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ខណៈម្តាយមីងមកដល់ទ្រហ៊ោយំបោកខ្លួនមិនអាចទទួលយកបាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុច បន្ទប់៦ ជាន់ទី៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានឈ្មោះ ស៊ី ចិន្តារិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ សព្វថ្ងៃមានជំងឺប្រចាំកាយ ហើយតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះចេញពីបន្ទប់លេខ៦ នៅជាន់ទី៤ រួចផ្លោះបង្កាន់ដៃ ឈរតោងបែរក្រោយមួយសន្ទុះ រួចដកដៃ ទម្លាក់ខ្លួនចុះមកក្រោម ស្លាប់នៅខាងមុខហាងកាត់សក់គេតែងម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ រួមទាំងនគរបាលជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យសាកសព និងធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល មេសា