វត្ថុសិល្បៈចំនួនពីរ ត្រូវបានប្រទះឃើញលើទួលនិងត្រូវបានយកមករក្សាទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
247

ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងធ្វើពិធីប្រគល់-ទទួលវត្ថុសិល្បៈចំនួនពីរដុំ/ផ្ទាំង រួមមានសិវលិង្គ(មុខលិង្គ) ចំនួន១ដុំ ធ្វើពីថ្មភក់ និងយោនី ចំនួន១ផ្ទាំង ធ្វើពីថ្មថ្លើមអណ្តើកសម័យមុនអង្គរដែលប្រទះឃើញដោយអ្នកស្រុក ដែលកាប់ដីដាំដំណាំ លើអង្គបឹងទ័ពព្យុះ ស្ថិតនៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចូលរួមក្នុងការពិនិត្យនិងប្រគល់-ទទួល វត្ថុសិល្បៈទាំងពីរដុំ/ផ្ទាំងខាងលើ មានការនិមន្ដចូលរួមពីព្រះសង្ឃ និងក្រុមការងាររដ្ឋបាលស្រុកគងពិសី អាជ្ញាធរឃុំជង្រុក សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកគងពិសី នគរបាលប៉ុស្ដិ៍ជង្រុក លោកស្រីមេភូមិ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋចំនួន២១៥នាក់ ស្រី៤៥នាក់ ព្រមទាំងកុមារតូចៗ និងសិស្សានុសិស្សជាកូនចៅអ្នកស្រុកជាច្រើនរូបទៀត។

ក្នុងនោះក៏មានការថ្វាយភ្លេងពិណពាទ្យ ភ្លេងឆៃយ៉ុំានិងការរៀបចំគ្រឿងរណ្ដាប់សម្រាប់កិច្ចបែរបន់ និងលាបំណន់សុំសេចក្ដីសុខ ក្រែងមានការនិយាយប៉ះពាល់ដោយប្រការណាមួយមុនពេល អំឡុងពេល និងក្រោយពេលបញ្ចប់កិច្ចពិធីដែលមានអាចារ្យពិធី និងចាស់ព្រឹទ្ធាចារ្យ ប្រារព្ធតាមប្រពៃណីក្នុងតំបន់។

សូមបញ្ជាក់ថា វត្ថុសិល្បៈទាំងពីរនេះ បានប្រទះឃើញលើទួលតាំងពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ហើយបានរក្សាទុកនៅលើទីតាំងដដែល ដោយមានការការពារសុវត្ថិភាពដោយកម្លាំងប្រជាការពារភូមិ នគរបាលប៉ុស្តិ៍ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ទើបក្រុមការងារមន្ទីរចុះពិនិត្យ និងប្រគល់ទទួលយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពគឺនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ៕


Telegram