ខេត្តកំពង់ស្ពឺ៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មានបានឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងបូជាសពយោធិនពលី ទាំង ២០រូប ដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មឧបទ្ទវហេតុផ្ទុះគ្រាប់នៅក្នុងបញ្ជាការដ្ឋាន យោធភូមិភាគទី៣ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
គួររំឭកផងដែរថា កាលពីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ មានហេតុការណ៍ផ្ទុះគ្រាប់ នៅក្នុងបរិវេណបញ្ជាការដ្ឋានយោធភូមិភាគទី៣ ដែលបានបណ្តាលឱ្យស្លាប់ យោធិន ២០ រូប យោធិន និងប្រជាពលរដ្ឋក្បែរខាងរងរបួសធ្ងន់ ស្រាលជាច្រើននាក់ផ្សេងទៀត ព្រមទាំងខូចខាតទ្រព្យសម្បត្តិរបស់អង្គភាព ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាសជាច្រើនទៀត ៕