រាជធានីភ្នំពេញ ៖ យុវជនម្នាក់កំពុងធ្វើដំណើរតាមដងផ្លូវ ស្រាប់តែលេចមុខ ក្មេងទំនើងមួយក្រុមជាច្រើនម៉ូតូ មានគ្នាជាច្រើននាក់ ប្រដាប់ដោយ ដាវ និង កាំបិត ជិះមកពីក្រោយកាប់កម្ទេចម៉ូតូ សំណាងល្អដែលម្ចាស់ម៉ូតូ រត់គេចខ្លួនទាន់ កុំអីមិនដឹងថាជាយ៉ាងណានោះទេ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចស្តុបវត្តច្បារអំពៅ ក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រហែល៥០ម៉ែត្រ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះអាយុ២០ឆ្នាំជាង ភេទប្រុស ជិះម៉ូតូម៉ាកស្គុបពីពណ៌ខ្មៅ បានបញ្ជាក់ប្រាប់ក្រុមការងារTVFB បានអោយដឹងថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពី តាមបណ្តោយផ្លូវជាតិលេខ១ ស្របពេលនោះក៏លេចមុខនៅក្រុមក្មេងទំនើងមួយក្រុម ជិះម៉ូតូចំនួន៥គ្រឿង គ្នាប្រមាណជិត១០នាក់ បានជិះមកពីក្រោយ មកដល់ចំណុចកើតហេតុខាងលើ ប្រដាប់ដោយដាវ និង កាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែ សំណាងល្អជនរងគ្រោះបានរត់ចោលម៉ូតូ ក៏ត្រូវក្រុមក្មេងទំនើងទាំងនោះ កាប់ទៅលើម៉ូតូកម្ទេចចោលតែម្តង រួចជិះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចបន្តិចសោះទ្បើយ អ្វីដែលពលរដ្ឋហួសចិត្តនោះ គឺហេតុការណ៍នេះ កើតឡើងក្បែរនឹងអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្បារអំពៅ២ ប្រមាណជា៥០ ម៉ែត្រប៉ុណ្ណោះ នៅតែក្រុមក្មេងទំនើងទាំងនេះ មិនខ្លាចបន្តិចសោះ រួចជិះរត់គេចខ្លួនបាត់។
ជាចុងក្រោយប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវរកមុខនៃក្រុមក្មេងទំនើងទាំងនោះ មកចាត់ការតាមនីតិវិធីច្បាប់ផង៕ អែល មេសា