ខ្ចីម៉ូតូគេស៊ីដាច់យកទៅបញ្ចាំ ម្ចាស់គេសួរថា ប៉ូលិសចាប់ជិះអត់ពាក់មួក! ចុងក្រោយទើបសារភាពថា ខ្លួនយកទៅបញ្ចាំទាំង២គ្រឿង យកលុយលេងល្បែង
សន្តិសុខសង្គម
168

រាជធានីភ្នំពេញ៖ បុរសម្នាក់ខ្ចីម៉ូតូគេ ដោយកុហកថាត្រូវសមត្ថកិច្ចចាប់ លុះពេលដឹងរឿងច្បាស់ ទើបដឹងថា យកម៉ូតូរបស់គេមកបញ្ចាំអស់២គ្រឿង ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤។

តាមប្រភពព័ត៌មានពីជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូបានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូដោយកុហកថា យកទៅលោះទូរសព្ទដៃដែលខ្លួនបានបញ្ចាំគេ ហើយក៏ជិះម៉ូតូជនរងគ្រោះ ។ លុះរំលងបាន២ថ្ងៃ ក៏ធ្វើជាខ្ចីម៉ូតូរបស់ជនរងគ្រោះម្នាក់ទៀត និយាយដដែល លុះដល់ថ្ងៃទី៣ ជនរងគ្រោះក៏តាមរកជនសង្ស័យឃើញនៅផ្ទះ ក៏ហៅមកសួរថាម៉ូតូទៅណាអត់ឃើញយកមកវិញ ។ ជនសង្ស័យក៏បានឆ្លើយប្រាប់ថា ខ្លួនកំពុងតែជិះក៏ត្រូវបានសមត្ថកិច្ចឃាត់យកម៉ូតូ ទៅទុកនៅឯខណ្ឌទួលគោក ដោយសារតែមិនពាក់មួកសុវត្ថិភាព។ ពេលនោះជនរងគ្រោះក៏បានទៅដល់ខណ្ឌទួលគោក និងបានទៅសួរសមត្ថកិច្ច ពេលនោះជនសង្ស័យភ័យពេក ទើបឆ្លើយប្រាប់ជនរងគ្រោះតាមត្រង់ថា ខ្លួនពិតជាយកម៉ូតូទៅបញ្ចាំចំនួន២គ្រឿង។ ក្នុងមួយគ្រឿងតម្លៃ ១៣០ ដុល្លារ យកលុយទៅលេងល្បែង ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចចុះមកដល់ទីតាំងហាងបញ្ចាំមួយកន្លែង ដែលគ្មានយីហោ នៅតាមបណ្ដោយផ្លូវ១៩២ ក្នុងសង្កាត់ទឹកល្អក់ទីបី ខណ្ឌទួលគោក។

ក្រោយកើតហេតុសមត្ថកិច្ច មកដល់បានសាកសួរទៅជនរងគ្រោះនិងជនសង្ស័យ និងបានធ្វើការដកហូតម៉ូតូទាំង២គ្រឿង ចេញពីហាងបញ្ចាំខាងលើ យកទៅប៉ុស្តិ៍និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីធ្វើការសាកសួរនាំនិងធ្វើតាមនីតិវិធី ។

សូមបញ្ជាក់ថា ជុំវិញករណីហាងបញ្ចាំខុសច្បាប់ គ្មានឯកសារត្រឹមត្រូវ ទទួលផលចោរកម្មនេះដែរ កន្លងមកឃើញអាជ្ញាធរ លោកចុះបង្ក្រាបបានជាច្រើនជាបន្តបន្ទាប់ និងដកហូតបានម៉ូតូគ្មានឯកសារជាច្រើនគ្រឿងឯណោះ ប៉ុន្តែមកដល់ពេលនេះ ហាក់ដូចជាមានការកើតឡើងវិញ នៅហាងបញ្ចាំ ដែលគ្មានយីហោ ទទួលផលចោរកម្ម​ដូចករណីខាងលើ ៕ Mrr Ka


Telegram