បុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស កសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
សន្តិសុខសង្គម
163

ខេត្តកំពង់ស្ពឺ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយធម្មកថិកនាទីស្វែងយល់ព្រះពុទ្ធសាសនា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកប្រតិបត្តិ និងឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត មហាសទ្ធាបុញ្ញ ភិរក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញ៉ឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ ខេត្តក្រុង បានមូលមតិគ្នាជាឯកច្ឆន្ទ រៀបចំពិធី បុណ្យផ្កាប្រាក់មហាសាមគ្គី និងបុណ្យទក្ខិណានុប្បទាន ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដើម្បីកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ។

កម្មវិធីបុណ្យធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ដង្ហែទៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា (នាឧទ្យានជាតិគីរីរម្យ) ។ក្នុងកម្មវិធីនោះផងដែរក៏មានការនិមន្តចូលរួមពីសំណាក

សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគុណខេត្តកណ្តាល និងសម្តេចព្រះពុទ្ធជ័យបណ្ឌិតឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនឹងជាព្រះមេគុណរាជធានីភ្នំពេញ និមន្តសម្តែងធម៌ទេសនានៅក្នុងកម្មវិធីបុណ្យ ព្រមទាំងមានការនិមន្តចូលរួមពីព្រះមេគុណតាមបណ្តារាជធានី ខេត្តផងដែរ ។

សូមជម្រាបជូនថា ពិធី បុណ្យផ្កាប្រាក់មហាសាមគ្គី រយៈពេល២ថ្ងៃនេះដែរ មានថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ពុទ្ធបរិស័ទ ភ្ញៀវកិត្តិយស ចូលរួមជាច្រើន ដោយ ទទួលបានបច្ច័យកសាង( ភ្នំពេញ + គិរីរម្យ ) ចំនួន២៦,៩៤៤,៥០០ រៀល និង ១១៥,១៤០ដុល្លារ ។ ចំណែកបច្ច័យបុណ្យផ្កា ( ភ្នំពេញ + គិរីរម្យ )ចំនួន ៤៨,៦១៦,៥០០រៀល និង ៦,៧៥២ដុល្លារ ៕


Telegram