រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ខណៈអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នៅចំណុច ផ្ទះលេខ ២៩២ ផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុះ សារុះ ភេទស្រី អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ: នៅផ្ទះ ចំណែកមូលហេតុ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍នេះ ក៏បានឆាបឆេះ ផ្ទះប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ០៦ម៉ែត្រx១១ម៉ែត្រ និងខូចខាតសម្ភារៈ ឆេះផ្ទះឈើលើថ្មក្រោម ទំហំ០៦ម៉ែត្រ X១១ម៉ែត្រ ចំនួន ០១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង ហើយឆេះរាលដាលដល់ផ្ទះឈើចំនួន ០១ខ្នងទៀតអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Viva ពណ៌ខ្មៅចំនួន ០១គ្រឿងផ្លាកលេខភ្នំពេញ1AW 6129 ឆេះរោលដល់ជញ្ជាំងផ្ទះវីឡាខូចខាត ២០% និងឆេះរោលដល់ជញ្ជាំងផ្ទះថ្មខូចខាត ១០% ។
ជុំវិញហេតុការណ៍នេះ សមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យ ចំនួន ១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១១ឡាន ស្មើនឹង ៤៤ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍ ពីខាង រថយន្តអគ្គិភ័យបុរីវិមានភ្នំពេញចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ០៤ម៉ែត្រគូប , រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរហ្គេងស្បឺតចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប រហូតរលត់ទៅវិញ នៅម៉ោង ១១នឹង១៥នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ៕ អែល មេសា