រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ឆក់កាបូប និងទូរសព្ទដៃពីនារីម្នាក់ បានសម្រេច ជិះរត់ តែត្រូវជនរងគ្រោះស្រែកចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងជិះម៉ូតូល្បាត បានឃើញក៏ប្រដេញចាប់ខ្លួនបានទាំង៣នាក់ តែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងចាប់ខ្លួនបានទាំង៣នាក់ នៅចំណុចផ្លូវប្រឡាយ ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា ស្រីម៉ាច ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទី លំនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យចំនួន០៣នាក់ ទី០១ឈ្មោះ វ៉េត សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី០២ឈ្មោះ ឈុត បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ទី០៣ឈ្មោះ ផៃ ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ជនសង្ស័យទាំង០៣នាក់មានសារធាតុញៀន)។
ក្នុងនោះ សម្ភារ:បាត់បង់រួមមាន ៖ ទូរស័ព្ទដៃម៉ាកអាហ្វូន ៧ផ្លើស ពណ៌ខ្មៅ ចំនួន០១គ្រឿង, លុយចំនួន២០០០ ០០រៀល(ម្ភៃម៉ឺនរៀល), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ រស់ ពិសី ចំនួន០១សន្លឹក។
ចំណែកវត្ថុតាងចាប់យកបានរួមមាន ៖ កាបូបលុយ ពណ៌សូកូឡា ចំនួន០១ ,ប័ណ្ណចាក់វ៉ាក់សាំងចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច ,ប័ណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹកឈ្មោះថា ស្រីម៉ាច (របស់ជនរងគ្រោះ) ,ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1355 មានលេខតួនិងលេខម៉ាស៊ីន៩០១២៦ ៩១ ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះ វ៉េត សីហា)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១ និង១០នាទី ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ជាមួយឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៥ឆ្នាំ ចេញពីរោងចក្រ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះវិញ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយជនរងគ្រោះក៏បានទុកសម្ភារៈនិងលុយ ដូចបានរៀបរាប់ខាងលើ ក្នុងកាបូបលុយ ពណ៌សូកូឡា រួចបានទុកកាបូបលុយខាងលើ និងទូរស័ព្ទដៃ០១គ្រឿងម៉ាកអាហ្វូន៧ផ្លើស ពណ៌ខ្មៅ នៅក្នុងថង់ផ្លាស្ទិច ពណ៌ផ្កាឈូក កាន់ដៃខាងស្តាំទុកពីមុខ ។ រហូតដល់វេលាម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល ជនរងគ្រោះជិះម៉ូតូទិសដៅពីជើងទៅត្បូងតាមផ្លូវជាតិលេខ២ មកដល់ត្រង់ចំណុចខាងមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-1355 ស្របទិសគ្នាមកអែបខាងឆ្វេងដៃជនរងគ្រោះ រួចជនសង្ស័យឈ្មោះ វ៉េត សីហា ក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងការបូបលុយរបស់ជនរងគ្រោះ រួចជិះម៉ូតូម៉ាកខាងលើ រួចគេចខ្លួនតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយជនរងគ្រោះក៏បានស្រែកចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស កំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុបានលឺជនរងគ្រោះស្រែក ក៏បានជួយអន្តរាគមន៍ជិះម៉ូតូដេញតាមជនសងស្ស័យពីក្រោយ មកដល់ត្រង់ចំណុចផ្លូវប្រឡាយទឹក ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនសង្ស័យក៏បានផ្តូលម៉ូតូរត់គេចខ្លួន ហើយក៏ត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនិងការបូបលុយរបស់ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យទាំង០៣នាក់ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣នាក់ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ