សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេស ផ្តល់ការប្រឹក្សា ជូនប្រជាពលរដ្ឋ ដើម្បីជួយស្ត្រីមានផ្ទៃពោះបាន “ឆ្លងទន្លេ” ដោយសុវត្ថិភាព
ព័ត៌មានជាតិ
83

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេស ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្រ្តីមានផ្ទៃពោះទាំងអស់ បាន “ឆ្លងទន្លេ” ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។

នេះបើយោងតាមសារលិខិត សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤នេះ។

តាមរយៈសារលិខិតខាងលើ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែបាន បានចូលរួមក្នុងការអនុវត្តសកម្មភាពដូចភ្លៀងរលឹម ដើម្បីធ្វើការអប់រំផ្សព្វផ្សាយដោយផ្ទាល់ដល់យុវវ័យនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា ស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច នៅតាមសហគមន៍ និងជនបទនានា តាមរយៈយុទ្ធនាការ ក្រោមមូលបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង អាកាសធាតុ” ដែលមានខ្លឹមសារផ្តោតសំខាន់លើការទប់ស្កាត់បង្ការជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺទឹកនោម ផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺអេដស៍ ជំងឺឆ្លងនានា និងជាពិសេស ក្នុងការលើកកម្ពស់សុខភាពមាតា ទារក កុមារ យុវវ័យ ដែលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់ សុខុមាលភាពសង្គម និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

ក្នុងទិសដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍមានចីរភាព នៅក្នុងវិបត្តិនៃការប្រែប្រួលអាកាសធាតុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឆ្លៀតយកឱកាសទិវាឆ្មបជាតិ អន្តរជាតិនេះ អំពាវនាវដូចតទៅ៖

១-សូមបង-ប្អូនរួមជាតិ ចូលរួមក្នុងការប្រុងប្រយ័ត្នការពារសុខភាព និងអនុវត្តវិធានការនានា ក្នុងអំឡុងពេលអាកាសធាតុក្ដៅ ដូចដែលក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសជូនដំណឹង ជាបន្តបន្ទាប់ ជាពិសេសនោះ សូមនាំគ្នាអនុវត្តតាមពាក្យចាស់ថា “ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី” និង “ការពារ ប្រសើរជាងព្យាបាល”។

២- សូមស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបនឹងសម្រាលកូន ស្រ្តីមានកូនតូចៗ ធ្វើការតាមដានព័ត៌មានរបស់ក្រសួងសុខាភិបាល និងយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងអស់ ដែលក្រសួងសុខាភិបាល បានផ្សព្វផ្សាយ និងត្រូវស្វែងរកព័ត៌មាន ឬជំនួយពីឆ្មបជំនាញនៅមណ្ឌលសុខភាព ឬគ្រូពេទ្យ នៅមន្ទីរពេទ្យភ្លាម ប្រសិនបើកើតមានអាការៈចម្លែកណាមួយ។

៣- សូម ឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាព ជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្រ្តីមានផ្ទៃពោះទាំងអស់បាន “ឆ្លងទន្លេ” ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។

និង៤- សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងដៃគូទាំងអស់ ទាំងសាធារណៈ ឯកជន ជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រដល់ការងារឆ្មប ដើម្បីជួយឱ្យកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០។

សូមបញ្ជាក់ជូនថា ទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៤នេះ បានធ្វើឡើងក្រោមប្រធានបទ “ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីសេចក្តីត្រូវការ ចាំបាច់ក្នុងការពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សុខភាពមាតា ទារក និងយុវវ័យ ដើម្បីឈានទៅ សម្រេចបានគោលដៅអភិវឌ្ឍន៍មានចីរភាព៕


Telegram