រាជធានីភ្នំពេញ៖ ករណីលួចស្លាករថយន្ត សមត្ថកិច្ចឈានទៅចាប់ខ្លួនជនសង្ស័យ៣នាក់។
ប្រភពព័ត៍មានថាមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ជនរងគ្រោះ បានបើករថយន្ត០១គ្រឿងម៉ាក LEXUS RX ៣៣០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ២BA-៧៨៣៩ ចេញពីធ្វើការនៅក្រសួងមហាផ្ទៃ មកផ្ទះក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានទុករថយន្តនៅខាងមុខផ្ទះដូចសព្វដង ។ លុះព្រឹកឡើង វេលាម៉ោង ០៧និង១០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះក៏បានភ្ញាក់ពីដេកដើរចេញមកខាងមុខផ្ទះ ស្រាប់តែបាត់ស្លាកលេខរថយន្តម៉ាកខាងលើចំនួន០២ (មុខ-ក្រោយ) ក៏ឆែកកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅមុខផ្ទះ មើលឃើញជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពលួចស្លាកលេខរថយន្ត របស់ជនរងគ្រោះ នៅវេលាម៉ោង០២ រំលងអធ្រាត ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ រួចជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី០១/ឈ្មោះ ផាត ផាន់ណារ៉ូ ០២/ឈ្មោះ ហេង អានសុទ្ធារី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង យកមកកាន់ប៉ុស្តិ៍រដ្ឋបាលដង្កោ ដោយជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចស្លាកលេខរថយន្ត របស់ជនរងគ្រោះ យកទៅលក់ឱ្យឈ្មោះ ម៉េង ដាវី ហៅ នី ភេទស្រី អាយុ៣៩ឆ្នាំ នៅបន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមនាជ័យ រាជធានីភ្នំពេញ បានលុយចំនួន២០០០០០រៀល (ម្ភៃម៉ឺនរៀល) ប្រាកដមែន ។ រហូតដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ដាវី ហៅ នី ត្រង់ចំណុចផ្លូវ មុនីរ៉េត ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។