រាជធានីភ្នំពេញ ៖ បុរសម្នាក់ ចុះទៅក្នុងបឹងឆក់ត្រី បែរជាឆក់ត្រូវខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ចំណុចទឹកបឹង ក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជរងគ្រោះ មានឈ្មោះ ប៊ូ ម៉ាណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្នាក់នៅបន្ទប់ជួលសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងនោះ តាមការបំភ្លឺពីឈ្មោះ ឌឿន អែម ភេទស្រី អាយុ២៣ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានធ្វើឲ្យដឹងថា ប្ដីគាត់បានជួលស្រះទឹកពីម្ចាស់ស្រះដើម្បីបូមទឹកឆក់ត្រី ក្នុងតម្លៃចំនួន៨០,០០០រៀល ហើយបានចាប់ផ្ដើមបូមទឹកឆក់ត្រីតាំងពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ដោយបានត្រីជារៀងរាល់ថ្ងៃ។ នៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ គាត់បានមកមើលប្ដីឃើញគាត់កំពុងរៀបចំឧបករណ៍ឆក់ត្រី ចុះទៅក្នុងទឹកបឹង ហើយទឹកបឹងនេះត្រូវប្ដីគាត់បូមនៅសល់តែទឹកបាត់បឹង, ពេលកំពុងតែឆក់ត្រីស្រាប់បាត់មិនឃើញពន្លឺពិលដែលប្ដីគាត់ពាក់ក្បាល ទើបគាត់បញ្ចាំងពិល មើលឃើញប្ដី ផ្កាប់មុខនៅក្នុងទឹក សង្ស័យថាឆក់ទើបរត់មកផ្លូវស្រែកហៅឲ្យអ្នកភូមិជួយ ហើយក៏មានមនុស្ស៣-៤នាក់ ចុះទៅក្នុងទឹក រួចទាញប្ដីគាត់ឡើងមកមើល ជួយធ្វើចលនាសង្គ្រោះ រួចដឹកមកមន្ទីរពេទ្យ ។ ពេលមកដល់គ្រូពេទ្យពិនិត្យប្រាប់ថាប្ដីគាត់ស្លាប់បាត់ទៅហើយ។_
តាមការពិនិត្យនៅមាត់បឹងខាងលើឃើញមានរទេះរ៉ឺម៉ក១ នៅក្នុងរ៉ឺម៉កមានចានឆ្នាំងមួយចំនួន, នៅលើដីក្បែររទេះមានចានដែក១ក្នុងចានដែកមានត្រី និងអន្ទង់ងាប់ , បឹងនេះត្រូវបានបូមទឹកនៅសល់តែទឹក និងភក់បាតបឹង នៅមាត់បឹងខាងក្រោមក្បែរទឹកមានម៉ាស៊ីនបូមទឹក១ ទុយោទឹកត្រូវបន្លាយមកមាត់បឹងខាងលើ, នៅក្នុងទឹកក្បែរម៉ាស៊ីនបូមទឹកឃើញមានពិលពាក់ក្បាល១អណ្ដែតលើទឹក, ហើយឧបករណ៍ឆក់ត្រីត្រូវធ្លាក់ចូលទៅក្នុងទឹក។
កន្លែងកើតហេតុពិនិត្យរកឃើញ ម៉ាស៊ីនបូមទឹក១ ពិលពាក់ក្បាល១ សពស្លាប់ផ្ងារនៅលើគ្រែនៅក្នុងមន្ទីរសម្រាកព្យាបាលសុខាកំបូល ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ខ្លួនប្រាណខោអាវសើមប្រឡាក់ភក់ និងដីខ្សាច់ សាកសពមានសភាពរឹងផ្នែកខ្លះ និងមានស្នាមឆក់ពងស្លោកឆេះស្បែកនៅស្មាខាងស្ដាំចំនួន៣កន្លែង។
ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារឆក់ចរន្តអគ្គិសនី (ឆក់ចរន្តអគ្គិសនីឧបករណ៍ឆក់ត្រី) និងប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ