ប្រទះឃើញគ្រោងឆ្អឹងសព ក្នុងបឹងកំពុងចាក់ដីលុប សមត្ថកិច្ចបញ្ជាក់ថា ស្លាប់ប្រហែល៣ទៅ៥ខែ ទៅហើយ
សន្តិសុខសង្គម
459

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងដល់ បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ ខណៈប្រទះឃើញគ្រោងឆ្អឹងសាកសព ក្នុងបឹងកំពុងចាក់ដីលុប ធំក្លិនស្អុយទៅហើយ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងបឹងកំពុងចាក់ដីលុប ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តានរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ លលាដ៍ក្បាលខាងក្រោយជាប់ស្បែកក្បាលមានសក់ស្កូវ ភ្លាមៗនោះ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ បានរាយមកការិយាល័យ និងការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅកន្លែងកើតហេតុ។​

តាមការបំភ្លឺពីឈ្មោះ ហម គឹមហុង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា  កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ គាត់បានឮក្មេងៗនិយាយគ្នាថាមានក្លិនស្អុយ និងមានសាកសពនៅក្នុងបឹងកន្លែងកើតហេតុ តែគាត់មិនជឿ និងមិនបានទៅមើលទេ, លុះដល់វេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែមានមនុស្សផ្អើលឆោឡោថាមានគ្រោងឆ្អឹងសាកសពនៅកន្លែងកើតហេតុ ទើបគាត់ទៅមើលឃើញមានគ្រោងសាកសពមែន ទើបផ្ដល់ដំណឹងឲ្យសមត្ថកិច្ច។

តាមការពិនិត្យរបស់សមត្ថកិច្ច គ្រោងឆ្អឹងសាកសពពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោជើងវែងចង្កេះកៅស៊ូពណ៌ខ្មៅពីក្រៅ, ស្លៀកខោជើងខ្លីចង្កេះកៅស៊ូពណ៌ខ្មៅពីក្នុង, ស្ថានភាពសាកសពនៅសល់តែគ្រោងឆ្អឹងជាប់សាច់រលួយមួយចំនួន។   លលាដ៍ក្បាលពុំមានស្លាកស្នាមអ្វីទេ, នៅលលាដ៍ក្បាលខាងក្រោយមានជាប់ស្បែកក្បាល និងមានសក់ស្កូវមួយចំនួន, នៅថ្គាមខាងលើផ្នែកខាងស្ដាំ នៅធ្មេញកណ្តាលខាងលើផ្នែកខាងឆ្វេងមានដាំបង្គោលដែក, ឆ្អឹងកង ក ជាប់ជាមួយឆ្អឹងដងខ្លួន ឆ្អឹងដងកាំបិត, ឆ្អឹងខ្នង ឆ្អឹងជំនីរនៅជាប់សាច់រលួយមិនមានស្លាកស្នាមបាក់បែកអ្វីទេ។ នៅសល់ឆ្អឹងដើមដៃសងខាង ឆ្អឹងត្រកៀក, ឆ្អឹងភ្លៅសងខាង, ឆ្អឹងកំភួនជើងសងខាង, បាត់ឆ្អឹងកំភួនដៃសងខាង ប្រអប់ដៃសងខាង និងប្រអប់ជើងសងខាង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សមត្ថកិច្ចមិនអាចសន្និដ្ឋានបានទេ ដោយសារសាកសពសល់តែគ្រោងឆ្អឹងជាប់សាច់រលួយ ស្លាប់ប្រហែល៣ទៅ៥ខែ ទៅហើយ ៕  អែល វិចិត្រ


Telegram