អាសូរណាស់ ត្អូញប្រាប់អ្នករត់កង់បីដូចគ្នាថាមិនស្រួលខ្លួន ចងអង្រឹងដេកលើកង់បី អកុសល្យស្លាប់នៅមុខហាងប្រជាពលដ្ឋ
សន្តិសុខសង្គម
551

រាជធានីភ្នំពេញ ៖ ព្រោះតែក្រពះ តស៊ូរត់កង់បីមិនខ្លាចនឿយហត់ ងងុយត្រង់ណា សម្រាកត្រង់នោះ ដោយចងអង្រឹងដេកនៅលើកង់បី នៅមុខផ្ទះប្រជាពលរដ្ឋ អកុសលបែរជា ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្សមួយកន្លែង ក្នុងភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខាន់ សិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទីលំនៅភូមិធំ ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅលើម៉ូតូកង់បីតាមចិញ្ចើមផ្លូវ។

តាមការបំភ្លឺពីឈ្មោះ ឡុង ចិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីបានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ គាត់និងជនរងគ្រោះព្រមទាំងអ្នករត់ម៉ូតូកង់បីផ្សេងទៀតបានជជែកគ្នាលេង ហើយជនរងគ្រោះប្រាប់ថាមិនសូវស្រួលខ្លួន រួចក៏បានចងអង្រឹងដេកនៅក្នុងម៉ូតូកង់បីបាត់ទៅ។ លុះនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ គាត់បានភ្ញាក់ពីដេកមក ហើយបានទៅដាស់ជនរងគ្រោះដើម្បីយកម៉ូតូកង់ចេញពីមុខផ្ទះគេ ទើបដឹងថាជនរងគ្រោះដេកស្លាប់នៅក្នុងអង្រឹងបាត់ទៅហើយ។

ក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ជាក់ស្តែងសពដេកស្លាប់ផ្ងារនៅលើអង្រឹងចងក្នុងម៉ូតូកង់បី១គ្រឿងម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IC 7132 ដែលចតនៅលើចិញ្ចើមផ្លូវលេខ១២៨ មុខហាងកែសម្ផស្សមួយកន្លែង សពគ្មានពាក់អាវ ស្លៀកខោជើងវែង សាកសពមានសភាពរឹង នៅលើខ្លួនប្រាណមិនមានស្លាកស្នាមអ្វីទេ ។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram