ខេត្តតាកែវ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ខេត្តតាកែវ អមដំណើរដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ សហការជាមួយប៉ូលីសសេដ្ឋកិច្ច និងមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យ និងធ្វើតេស្តលើទំនិញ ត្រីរ៉ស់ចំនួន ៨ប៉ាវ ស្មើនឹង ៣០០គីឡូក្រាម និងត្រីសាបាក់ ចំនួន ៨កញ្ចប់ ស្មើនឹង ៨០គីឡូក្រាម ដែលមន្ត្រីជំនាញនៃស្ថាប័នទាំងពីរឃាត់ចាប់ដើម្បីត្រួតពិនិត្យពីឈ្មួញដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូ។
យោងតាមលទ្ធផលដែលបញ្ជាក់ដោយមន្ត្រីជំនាញ ឃើញថាលទ្ធផលនៃការធ្វើតេស្តរកសារធាតុគីមីហាមឃាត់គឺមានភាពអវិជ្ជមាន ដោយឡែក ដោយសារការដឹកជញ្ជូននិងរក្សាទុករបស់ឈ្មួញពុំបានត្រឹមត្រូវ នាំឱ្យត្រីទាំងនោះប្រែប្រួលខូចគុណភាព ដែលពុំសាកសមសម្រាប់បរិភោគឡើយ។ ដូចនេះ ដោយមានការឯកភាពពី ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏ដូចជាលោកព្រះរាជអាជ្ញារងនៃអយ្យការអមសារដំបូងខេត្ត មន្ត្រីជំនាញ បានសម្រេចដុតកម្ទេចចោលនូវទំនិញត្រីខូចគុណភាពសរុបចំនួន ៣៨០គីឡូក្រាម ដើម្បីកុំឱ្យចរាចរទៅក្នុងទីផ្សារនាំឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ៕